ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងកន្លែងបាក់ច្រាំងទន្លេ នៅភូមិព្រែកស្តី និងភូមិព្រះអណ្តូងទី២ ក្នុងឃុំព្រះអណ្តូង និងភូមិពាមក្នុង និងភូមិពាមក្រៅ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ទីតាំងខាងលើនេះ រងការបាក់ស្រុតជាបន្តបន្ទាប់ និងស្ថិតនៅទល់មុខសាលាបឋមសិក្សាព្រះអណ្តូង ព្រមទាំងអាចបណ្តាលឲ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម ប្រឈមនឹងការបាក់ស្រុត ដែលអាចនាំឲ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ។
សូមជម្រាបថា បន្ទាប់ពីបានទទួលសំណើពីខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្រ្តីបានបង្កើតក្រុមការងារចុះពិនិត្យ និងសិក្សានៅទីតាំងខាងលើ និងបានណែនាំលើវិធានការចំពោះមុខបន្ទាន់បណ្តោះអាសន្ន គឺត្រូវធ្វើច្រាំងការពារប្រវែង១០០០ម នៅក្នុងឆ្នាំនេះ ដោយក្នុងនោះនៅទីតាំង៖
– ទី១ ៖ នៅភូមិក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ប្រវែង ៥០០ម
– ទី២៖ នៅភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ២០០ម និង
– ទី៣៖ នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ៣០០ម ។
មកទល់បច្ចុប្បន្ន ការងារនេះ បាននឹងកំពុងអនុវត្តដោយបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកក្កដា មកម្ល៉េះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ក្នុងពេលចុះពិនិត្យ នាពេលនេះ លោករដ្ឋមន្រ្តីបានជម្រាបអំពីលទ្ធផលនៃការសិក្សារបស់ក្រុមការងារក្រសួងដែលបានធ្វើកន្លងមក និងលក្ខណៈបច្ចេកទេសដែលត្រូវដោះស្រាយនិងទប់ទល់លើការបាក់ច្រាំងនៅទីតាំងលើ និងនៅទីតាំងផ្សេងទៀត។
លោកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ លោករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាក្រុមការងារក្រសួង ដែលបានចាត់វិធានការបន្ទាន់ចំពោះមុខនាពេលនេះ ក៏ដូចជាវិធានការយូរអង្វែងដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។
ពេលជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង តួយ៉ាងដូច ការបាក់ច្រាំងនៅភូមិសាស្រ្តមូលដ្ឋានពូកគាត់រស់នៅសព្វថ្ងៃនាពេលនេះ ជាសក្ខីកម្មស្រាប់។
លោករដ្ឋមន្រ្តី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៃការបាក់ច្រាំងនៅទីតាំងខាងលើ ឲ្យបានប្រសើរ ក៏ដូចជា នៅទីតាំងប្រឈមផ្សេងៗទៀតនាពេលចំពោះមុខ ដោយនឹងសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយនូវហានីភ័យនៃការបាក់ច្រាំងដែលអាចបង្កនូវការខូតខាតដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងនាពេលខាងមុខនៅមូលដ្ឋានដែលមានភាពប្រឈមនឹងការបាក់ច្រាំងនេះ៕
ដោយ៖ សុខ ខេមរា