ខេត្តពោធិ៍សាត់៖ កម្មករសំណង់អគារកំពុងសាងសង់មួយកន្លែង ធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់រួចស្លាប់នៅបញ្ជូនទៅសង្រ្គោះ ខណៈជនរងគ្រោះត្រូវបានឆ្លងចរន្តអគ្គិសនីឆក់ នៅគ្រាដែលកំពុងបំពេញភារកិច្ចដោះក្ដារពុម្ព ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៣ និង៥៩នាទី រសៀល ថ្ងៃសៅរ៍ ១១រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅតំបន់ពោងពាយ ត្រង់ចំណុចសំណង់អគារ ដែលគេកំពុងសាងសង់ចិញ្ចឹមសត្វប្រចៀវ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចប្រាប់ថា យុវជនរងគ្រោះ(ស្លាប់)ឈ្មោះ ជ័យ សុជុំ អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសសារឪពុកឈ្មោះ ធុន ជ័យ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ អ៊ុល សុីនឿន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចភូមិ.ឃុំកើតហេតុ ។
ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះធ្វើកម្មករសំណង់នៃអគារខាងលើ ដែលម្ចាស់អគារឈ្មោះ ហុីវ រស់នៅរាជធានីភ្នំពេញ ហើយមុនកើតហេតុបានឡើងទៅគាស់រូសរើក្ដាពុម្ពជណ្ដើរនៅជាន់ទី៣ ខណៈនោះបានឆ្លងចរន្តអគ្គិសនីដែលខ្សែភ្លើងគាបជាប់មួយដែក បណ្ដាលឲ្យធ្លាក់មកក្រោមរបួសបែកក្បាលចំហាងខាងឆ្វេង បាក់ដៃខាងឆ្វេង និងបាក់ជើងខាងឆ្វេង(ធ្ងន់) បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជ័យ សុជុំ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅមន្ទីរពេទ្យលោកសង្ឃនៅវេលាម៉ោង៤ និង០០នាទី ទាបភ្លឺឈានថ្ងៃទី២៨ ខែឆ្នាំដដែល ហើយបានដឹកសាកសពយកមកតំកល់ធ្វើបុណ្យនៅលំនៅឋាននៃស្រុកកំណើត មន្រ្ដីជំនាញស្ថាប័នពាក់ព័ន្ធសហការចុះពិនិត្យ និងស្រាវជ្រាវ រួចធ្វើកំណត់ហេតុប្រគល់ទទួលសសកសពជូនក្រុមគ្រួសារ និងនីតិវិធី ៕ បុឹម ពិន