ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភកូនចុងមានផ្ទៃពោះជិត ៣ខែទើបបែកការណ៍ ប្ដឹងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឪពុកចុងចិត្តអប្រិយចាប់រំលោភកូនស្រីក្នុងចំការ លុះមានផ្ទៃពោះជិតបីខែទើបបែកការណ៍ ម្ដាយកូនស្រីប្ដឹងនគរបាលចាប់ដាក់ខ្នោះដៃ ។

ប្រតិបត្តិការបង្រ្កាបឪពុកចុងចិត្តអប្រិយករណីចាប់រំលោភខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង៤៥នាទី រសៀលថ្ងៃអាទិត្យ ១២រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរង្វង់មូល ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងត្រូវកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ បុិច ឡា អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយការឃាត់ចាប់ខ្លួនសង្ស័យរូបនេះ បន្ទាប់ពីទទួលបណ្ដឹងផ្ទាល់មាត់ពីក្រុមគ្រួសារកុមារីរងគ្រោះឈ្មោះ( ថ ធន ) អាយុ ១៣ឆ្នាំ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនៅក្នុងចំការ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៩ (ក្រោយបុណ្យចូលឆ្នាំខ្មែរ) លុះមានការសង្ស័យ រហូតក្មេងស្រីមានផ្ទៃពោះជិតបីខែទើបបែកធ្លាយ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធ បញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ បុឹម ពិន


ចែករំលែក៖