ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បន្លំជាអ្នករត់កង់បីឥណ្ឌាលួចកាច់កញ្ចក់រថយន្តទំនើប បានមួយចំហៀងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាច់កញ្ចក់រថយន្តLX570 ៥៧០ កាលពីម៉ោង១:៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ
ព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៦ ភូមិទី៨ សង្កាត់វត្តភ្នំ  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជឹម រាជ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ រីឯម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD-9250 (ជារបស់ជនសង្ស័យ) ។

ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបាន  និងដកហូតវត្តុតាង មានកញ្ចក់រថយន្ត ម៉ាកឡិចស៊ិស LX570 ចំហៀងខាងឆ្វេងចំនួន១ (ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ)។

បន្ទាប់ពីកើតហេតុ  នៅចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌ កំពុងប្រើវិធានការជំនាញ សួរចម្លើយរកបក្ខពួក  និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿងបន្តតាមនិតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖