យ៉ាងហោចណាស់មានមនុស្ស១៧នាក់ស្លាប់ និង១៨នាក់រងរបួស ក្រោយយន្តហោះយោធាមួយគ្រឿង ធ្លាក់នៅទីប្រជុំជនក្នុងតំបន់ Rawalpindi ប្រទេសប៉ាគីស្ថាន បណ្តាលឲ្យឆាប់ឆេះយ៉ាងខ្លាំង ។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី៣០ ខែកក្កដានេះ ហើយនៅលើយន្តហោះចម្បាំងនោះមានអាកាសយានិក២នាក់ និង មនុស្ស ៣នាក់ទៀតនៅលើយន្តហោះ។
ការផ្ទុះឆេះ ក្រោយធ្លាក់បុកចំផ្ទះពលរដ្ឋនោះបណ្តាលឲ្យផ្ទះ៥ខ្នងត្រូវឆាប់ឆេះ ទាំងស្រុង ។ មកទល់ពេលនេះ មានអ្នកស្លាប់កើនឡើង ១៧នាក់ហើយ និង១៨នាក់រងរបួស ភាគច្រើនជាពលរដ្ឋ រស់នៅក្នុងផ្ទះដែលយន្តហោះធ្លាក់ចំ ។
ក្រុមជួយសង្គ្រោះ ប៉ូលិស និងកងកម្លាំងសន្តិសុខបានសម្រុកទៅកាន់កន្លែងកើតហេតុ លើកសាកសព និងអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែលបញ្ជាក់ថា ក្នុងចំណោមអ្នកដែលស្លាប់ មានអាកាសយានិកពីរនាក់ និងកុមារ២នាក់ផងដែរ ។ ប្រភពបានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតទំនងកើនឡើងច្រើនជាងនេះ ពីព្រោះមានអ្នករងរបួសស្ថិតក្នុងសភាពធ្ងន់ធ្ងរច្រើននាក់ ។
គេនៅមិនទាន់ដឹងពីមូលហេតុនៃការធ្លាក់យន្តហោះខាងលើនេះទេ ខណៈសមត្ថកិច្ចជំនាញរបស់ប៉ាគីស្ថានអះអាងថា កំពុងស្ថិតក្រោមការស៊ើបអង្កេត។
គួរបញ្ជាក់ថា Rawalpindi គឺជាទីក្រុងមួយស្ថិតនៅក្បែររដ្ឋធានីអ៊ីស្លាម៉ាបាត។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុធ្លាក់ ឬប្រភេទយន្ដហោះយោធានេះ នៅឡើយទេ៕