បញ្ហាកោះតៃវ៉ាន ក៏ដូចជាហុងកុង គឺជាផ្នែកមួយនៃចិនដីគោក មិនអាចកាត់ផ្តាច់បានឡើយ ។ តាំងពីដើមមកចិនតែងតែចាត់ទុកតំបន់ទាំងនោះ ជាខេត្តស្វយ័តរបស់ចិនតែប៉ុណ្ណោះ ។ ការលូកដៃពីប្រទេសខាងក្រៅ នៅក្នុងតំបន់នោះ គឺជារឿងជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិន ។
កន្លងមក អាមេរិកបានលូកដៃយ៉ាងជ្រៅនៅក្នុងបញ្ហាកោះតៃវ៉ាន់ ដោយបានលក់អាវុធ និងបញ្ជូនកម្លាំងទាហានជើងទឹក មកកាន់ទីនោះ ជាបន្តបន្ទាប់ ។ ចំពោះចិនវិញ ក៏បានប្តេជ្ញាការពារ មិនឲ្យតៃវ៉ាន់ប្រកាសឯករាជ្យនោះឡើយ ។ រដ្ឋាភិបាលទីក្រុងប៉េកាំងធ្លាប់បានព្រមានថា នឹងវាយប្រហារ ប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យនោះ ។
នៅពេលនេះដែរ ចិនយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតរបស់ចិន ប្រភេទ J-20 បានដាក់ពង្រាយនៅតំបន់ភាគខាងកើតប្រទេសនេះជាប់ និងកោះតៃវ៉ាន ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលអាមេរិក សម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ានមានតម្លៃ ជាង២,២ពាន់លានដុល្លារ ។
កាលពីថ្ងៃ ទី២៩ ខែកក្កដា កម្លាំងទាហានចិនបានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ស្តីពីយន្តហោះចម្បាំង J-20 របស់កម្លាំងទាហានអាកាសចិន ចូលរួមជាមួយកងពលលេខ៩ ឈរជើងនៅទីក្រុង Wuhu ។ កងពលទាហានអាកាសលេខ៩មានយន្តហោះចម្បាំង J-20 ចំនួន៤គ្រឿង ។
យន្តហោះចម្បាំង ទំនើបបំផុតរបស់ចិន J-20 បានដាក់ឲ្យប្រើប្រាស់នៅក្នុងកម្លាំងទាហានអាកាសនា ខែកុម្ភៈ ឆ្នាំ២០១៨ ។ អគ្គមេបញ្ជាការកងទ័ព អាមេរិកប្រចាំនៅប៉ាស៊ីហ្វិក ឧត្តមសេនីយ៍ Charles Brown បានព្យាករណ៍ថា យន្តហោះទំនើបរបស់ចិនបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៨ ហើយបន្តផលិជាច្រើនទៀតនៅឆ្នាំ២០១៩ ។
ការដាក់ពង្រាយយន្តហោះចម្បាំងដ៏ទំនើបខាងលើកើតឡើង ក្រោយពេលដែលអាមេរិកបានសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ាន់មានតម្លៃ រហូតដល់ទៅ២,២ពាន់លានដុល្លារ បើទោះបីចិនបានថ្កោលទោសក្តី ។ ការលក់អាវុធទៅឲ្យកោះតៃវ៉ាន គឺជាការបំពានច្បាប់ចិនតែមួយ ដែលអាមេរិកបានព្រមព្រៀង ។
កន្លងមក ចិនក៏បានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅក្បែរកោះតៃវ៉ាន់ ស្ថិតនៅឆ្នេរសមុទ្រ ខេត្ត Fujian ។ ក្នុងអំឡុងពេលចិនធ្វើសមយុទ្ធ អាមេរិកបានបញ្ជូននាវាចម្បាំងមួយគ្រឿង ប្រភេទ Ticonderoga ឆ្លងកាត់ដែលសមុទ្រកោះតៃវ៉ាន់ ។
ទីភ្នាក់ងារសុវត្ថិភាពសមុទ្រចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា យោធាចិន និងដឹកនាំការធ្វើសមយុទ្ធយោធាមួយ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះតែម្តង ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការព្រមានថា និងប្រើប្រាស់កម្លាំងយោធាវាយយកដែនកោះមួយនេះ នៅក្នុងករណីចាំបាច់ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ។
ទីភ្នាក់ងារសុវត្ថិភាពសមុទ្រចិនមិនបានបញ្ជាក់លម្អិតពីថា តើសមយុទ្ធយោធាខាងលើ និងត្រូវធ្វើឡើងនៅពេលណា ហើយកងកម្លាំង ឬក៏អាវុធប្រភេទណាត្រូវចូលរួមនោះទេ ។ ប៉ុន្តែតំបន់ដែនទឹកមួយចំនួននៃខេត្ត ក្វាងទុង (Guangdong), ខេត្តហ្វូចៀន (Fujian) រួមទាំងតំបន់ដែនទឹកនៃខេត្ត ចេជាំង (Zhejiang) ស្ថិតនៅភាគឦសានកោះតៃវ៉ាន់ ត្រូវបានដាក់បម្រាមមិនឲ្យធ្វើសកម្មភាពនាវាចរស៊ីវិលនានាចាប់ពីម៉ោង ៦៖០០នាទីព្រឹកថ្ងៃចន្ទនេះ រហូតដល់ម៉ោង ៦៖០០នាទីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ ។
គួរបញ្ជាក់ថា កាលសពីសប្ដាហ៍មុនក្រសួងការពារជាតិចិនបានព្រមានជាថ្មីថា ទីក្រុងប៉េកាំង និងប្រើប្រាស់កម្លាំងយោធាវាយប្រហារយកកោះតៃវ៉ាន់ បើសិនជាងទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ ឬក៏កងកម្លាំងបរទេសណាមួយជាពិសេសគឺសហរដ្ឋអាមេរិក ចង់ព្យាយាមបំបែកដែនកោះមួយនេះចេញពីចិនដីគោក ។ កោះតៃវ៉ាន់បើតាមច្បាប់អន្តរជាតិ គឺមាននាមត្រឹមជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ដូចអ្វីដលមានចែងក្នុងនយោបាយចិនតែមួយ ហើយសហរដ្ឋអាមេរិកផ្ទាល់ ក៏បានទទួលស្គាល់ជាយូរណាស់មកហើយដែរ ។
ពាក់ព័ន្ធបញ្ហាកោះហុងកុងវិញចិនបានតាមដានជានិច្ច មិនតែប៉ុណ្ណោះចិនបានត្រៀមលក្ខណៈបញ្ចូនកម្លាំងទាហានមកជួយការពារប្រសិនបើ ហុងកុងតម្រូវការ ។ ការិយាល័យទទួលបន្ទុកកិច្ចការហុងកុង នៃរដ្ឋាភិបាលចិន នៅថ្ងៃចន្ទ ទី២៩កក្កដានេះ បានបើកធ្វើសន្និសីទកាសែតដ៏កម្រមួយ ដើម្បីបញ្ជាក់ជំហររបស់ទីក្រុងប៉េកាំង ចំពោះបាតុកម្ម និងអំពើហិង្សាដែលកើតឡើងជាបន្តបន្ទាប់នៅហុងកុង ។ តាមរយៈសន្និសីទកាសែតនេះ ចិន បានទាមទារឲ្យរដ្ឋអាជ្ញាហុងកុង ដាក់ទោសទណ្ឌចំពោះអ្នកទាំងឡាយណា ដែលប្រើប្រាស់អំពើហិង្សា និងប្រព្រឹត្តខុសច្បាប់ ។
បាតុកម្មនៅហុងកុង ដែលរៀបចំធ្វើជារៀងរាល់សប្ដាហ៍នោះ បានធ្វើឲ្យរដ្ឋាភិបាលចិនមិនសប្បាយចិត្តយ៉ាងខ្លាំង ។ នៅថ្ងៃចន្ទ ទី២៩កក្កដានេះ រដ្ឋាភិបាលចិន តាមរយៈការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងតៃវ៉ាន់ បានចេញមកទាមទារឲ្យរដ្ឋអំណាចហុងកុង ពង្រឹងការអនុវត្តច្បាប់ ។ ពង្រឹងការអនុវត្តច្បាប់ តាមរយៈការដាក់ទោសទណ្ឌទៅលើអ្នកទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ និងប្រើប្រាស់អំពើហិង្សា នៅក្នុងពេលបាតុកម្ម ។
គួរជ្រាបថា ប្រជាជនហុងកុង អ្នកស្នេហាប្រជាធិបតេយ្យ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មជារៀងរាល់ចុងសប្ដាហ៍ អស់រយៈពេលជិត២ខែរួចមកហើយ ។ បាតុកម្មនេះ ពីដំបូងឡើយ ធ្វើឡើងក្នុងទម្រង់អហិង្សា ដោយមានត្រឹមតែការជួបប្រជុំគ្នាលើកបដា និងសម្ដែងមតិប៉ុណ្ណោះ ។ ប៉ុន្តែពីរសប្ដាហ៍ចុងក្រោយនេះ រដ្ឋអំណាចហុងកុង បានដាក់ពង្រាយកម្លាំងចុះបង្ក្រាបក្រុមបាតុករ ដោយប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក ។ សម្រាប់រដ្ឋអំណាចហុងកុងដែលស្និទ្ធ និងទីក្រុងប៉េកាំង ការចុះផ្លូវធ្វើបាតុកម្មរបស់ក្រុមបាតុករទាំងនេះ គឺជាទង្វើខុសច្បាប់ ។
ប្រទេសចិនឯណោះវិញ បានចាត់ទុកការធ្វើបាតុកម្មលាយឡំ និងអំពើហិង្សានៅហុងកុងថា ជាការគំរាមកំហែងដល់ស្ថិរភាព និងវិបុលភាពរបស់ហុងកុង ។ និងថា គ្មានប្រជាជាតិស៊ីវិល័យឯណា ដែលសុខចិត្តសំងំស្ងៀម ទ្រាំខាំមាត់សង្កត់ចិត្ត នៅចំពោះមុខអំពើហិង្សានេះឡើយ ។ ចិនបានសង្កត់ធ្ងន់ទៀតថា បញ្ហាអាទិភាពសម្រាប់រដ្ឋអំណាចហុងកុងនាពេលនេះ គឺដាក់ទោសទណ្ឌចំពោះអ្នកដែលប្រើប្រាស់អំពើហិង្សា និងប្រព្រឹត្តខុសច្បាប់ ដើម្បីស្ដារឡើងវិញនូវរបៀបរៀបរយសង្គម និងរក្សាឲ្យបាន បរិយាកាសធុរកិច្ចនៅហុងកុង ។ ចិនក៏សង្ឃឹមដែរថា ប្រជាជនហុងកុង និងយល់ពីបញ្ហានេះ ហើយរួមគ្នាប្រឆាំងព្រមទាំងទប់ទល់ នឹងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ ៕