ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ជាបុគ្គលិកហាងស្រាបារាំង “VVIP Bar & Food” សុំច្បាប់ថៅកែ៣ថ្ងៃ ទៅលេងខេត្តកំពត ដោយប្រាប់ថា ណាត់ជួបបុរសបារាំងម្នាក់ តែ១១ថ្ងៃហើយ បាត់ដំណឹងឈឹង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលជាបុគ្គលិកហាងស្រាបារាំងយីហោ “VVIP Bar & Food” បានបាត់ខ្លួន១១ថ្ងៃមកហើយគ្មានដំណឹងទល់តែសោះដោយ មិនឃើញទាក់ទងទៅក្រុមគ្រួសារ ឬអ្នកនៅកន្លែងធ្វើការបានដឹងនោះទេ ដោយមានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់ស្រ្តីរូបនោះ ទើបអ្នកគ្រប់គ្រងហាង និងអ្នកធ្វើការជាមួយគ្នាព្យាយាមទាក់ទងតាមទូរស័ព្ទ និងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ដែរ តែមិនលើកទូរស័ព្ទ និងពុំមានការឆ្លើយតបមកវិញឡើយ ខណៈដែលរូបគាត់បានសុំច្បាប់ថៅកែហាងចំនួន៣ថ្ងៃ ដើម្បីទៅលេងទឹកសមុទ្រនៅឯខេត្តកំពត ដោយប្រាប់ថា ណាត់ជួបបុរសបារាំងម្នាក់ ទើបស្គាល់គ្នាតាមហ្វេសប៊ុក ។

ស្ត្រីដែលបាត់ដំណឹងនោះ ឈ្មោះ ស្រី ណង អាយុ៣៥ឆ្នាំ ធ្វើការនិងស្នាក់នៅ ហាងស្រាបារាំង “VVIP Bar & Food” នៅផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មានកូនពីរនាក់ កូនប្រុសបងឈ្មោះ ធីមអាយុ ១០ឆ្នាំ និងកូនស្រីពៅ ឈ្មោះ ទី អាយុ៤ឆ្នាំ ស្នាក់នៅជាមួយម្ចាស់ហាង ខណៈពេលនេះកូនៗទាំងពីរនាក់នោះកំពុងឈឺ ។

យោងតាមសម្ដីស្រ្តីម្នាក់ដែលជាអ្នកគ្រប់គ្រងហាងស្រាបាំរាំង VVIP បានប្រាប់ឲ្យដឹង កាលពីថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ថា មុនពេលកើតហេតុ ស្រីណង បានរអ៊ូរទាំថា ចង់ទៅលេងសមុទ្រ និងតែងតែមានទឹកមុខស្រងូតស្រងាត់ មិនដឹងមានរឿងអ្វីទេ ហើយមុនថ្ងៃចេញពីហាងទៅស្រីណង បានមកសុំច្បាប់សម្រាកពីការងារ ២,៣ថ្ងៃប៉ុណ្ណោះ ដើម្បីទៅដើរលេងនៅខេត្តកំពត ដោយប្រាប់ថា បុរសបារាំងម្នាក់ ទើបស្គាល់គ្នាតាមហ្វេសប៊ុកបានណាត់ជួបគ្នា ។ លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ស្រីណង បានរៀបចំ សម្លៀកបំពាក់ ឡើងជិះរថយន្តក្រុង សូរិយា ធ្វើដំណើរទៅខេត្តកំពតបាត់ទៅ ។

ប្រភពដដែលបន្តថា គិតមកត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ គឺ១១ថ្ងៃហើយ មិនទាន់ឃើញនាងត្រលប់មកធ្វើការវិញទេ ហើយក៏មិនឃើញទាក់ទងទៅអ្នកផ្ទះ ឬទាក់ទងមកអ្នកនៅកន្លែងធ្វើការបានដឹងដែរទើបគាត់ និងអ្នកធ្វើការជាមួយនាង ក៏បានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុក របស់នាង ដើម្បីសួរនាំអោយដឹងថា នៅឯណា ឬមានបញ្ហាអ្វីបានជាមិនលើកទូរស័ព្ទ និងពុំមានការឆ្លើយតបមកវិញដូច្នេះ ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ ស្រីណង ស្របពេលកូនៗ នឹករលឹកខ្លាំងពេក មិនសូវញាំបាយទឹកទេ ឥលូវឈឺទៀត ធ្វើឲ្យគាត់ដែលជាអ្នកគ្រប់គ្រងហាង និងទទួលរ៉ាប់រងបន្ទុកពិបាកចិត្តណាស់ ។ ដូច្នេះហើយគាត់ សូមប្រកាសរកស្ត្រីជាម្ដាយ ដែលសុំច្បាប់ទៅលេងខេត្តកំពត ហើយបាត់ដំណឹងមិនដឹងទៅដល់ណាឡើយ ។

បើសិនជាបងប្អូនណាប្រទះឃើញ ឬគាត់ជួបនៅកន្លែងណា ជួយប្រាប់សមត្ថកិច្ច ឬសាមីខ្លួនគាត់ផង ព្រោះពេលនេះកូនៗគាត់ នឹករលឹកណាស់មិនព្រមហូបអាហារទេ ដូច្នេះហើយសូមជួយ Share ចែករំលែកផងហើយបើសិនជាបានឃើញ សូមទំនាក់ទំនងមកលេខ 088 575 3753 ៕ ស រស្មី


ចែករំលែក៖