ព័ត៌មានទាន់ហេតុការណ៍៖

តើគេដាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ដធ្វើអ្វី (ថ្លឹងលុយ ឬថ្លឹងរថយន្ដ)

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ថានីយជញ្ជីងថ្លឹងរថយន្ដមួយកន្លែង នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប តើគេដាក់ធ្វើអ្វី? បើរថយន្ដដឹកទំនិញលើសទម្ងន់ឆ្លងកាត់ហើយ មិនចូលថ្លឹងផងនោះ តើនេះ ជាទម្លាប់ឬក៏មន្ដ្រីពុករលួយ បើតែបែបនេះតើផ្លូវថ្នល់ នឹងរងខូចខាតដោយសារអ្នកណា?

ជាក់ស្ដែងនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រថយន្ដដឹកស្រូវមួយគ្រឿង ដឹកលើសទម្ងន់បានធ្វើសកម្មភាពដឹកស្រូវឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ដមួយកន្លែង នៅស្រុកប្រាសាទបាគង បានយ៉ាងរលូន ដោយមិនបាច់ចូលថ្លឹងរថយន្ដនោះទេ មិនដឹងថា មន្រ្ដីនៅទីនោះគាត់ធ្វើការ ឬក៏គាត់ភ្ជាប់ទំនាក់ទំនងគ្នារួចរាល់ មុនចេញដំណើរ បានជាមិនបាច់ចូលថ្លឹងបែបនេះ ។

ទង្វើបែបនេះ ត្រូវបានពលរដ្នរិះគន់ថា បើដាក់ស្ថានីយជញ្ជីងថ្លឹងហើយ បែរជាមិនថ្លឹងទេនោះ គួរតែ រដ្ឋមន្រ្ដីក្រសួងសារធារណការ មើលមន្រ្ដីរបស់ខ្លួនឲ្យបានដិតដល់ផង ព្រោះក្រែងលោគាត់ជាប់ត្រគាក ងាកខ្លួនមិនរួច ដោយសារផឹកស៊ីច្រើនពេកឡើងជាតិអាស៊ីត ធ្វើការមិនកើត ។

ពាក់ព័ន្ធនឹងការរិះគន់ខាងលើ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសារធារណការខេត្តសៀមរាប មិនទាន់បានបកស្រាយ ចំពោះការរិះគន់ខាងលើនេះទេ ទោះបីព្យាយាមផ្ដល់រូបភាពតាមប្រព័ន្ធតេឡេក្រាម និង ព្យាយាមទំនាក់ទំនងតាមទូរស័ព្ទយ៉ាងណាក៏ដោយ ក៏មិនលើកទូរស័ព្ទដែរ តែអង្គភាពនៅតែព្យាយាម សុំការបំភ្លឺពីលោកនៅពេលក្រោយទៀតម្ដងទៀត ៕ ប៊ុនរិទ្ធី


ចែករំលែក៖