ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែមួយកន្លែង ដោយសង្ស័យថា ជាករណីខ្យល់គរ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះមឿង យី ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុ ។
ប្រភពដដែលបន្តថា តាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះថា ជនរងគ្រោះជាមនុស្សតែងផឹកស្រាស្រវឹងជាប្រចាំ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចបាត់ពីផ្ទះដោយពុំដឹងថាទៅណានោះទេ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងវាលស្រែ ក៏មានការភ្ញាក់ផ្អើល រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពិនិត្យ ។
បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ទទួលបានករណីខាងលើ ភ្លាមនោះក៏រាយការណ៍បន្តទៅនគរបាលជំនាញស្រុក ចុះមកពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ បន្ទាប់ពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ