ភ្នំពេញ ៖ បើតាមការសង្កេតឃើញថា ស្ទើរតែគ្រប់ភាគីនៃអ្នកផ្តល់កម្ចី មីក្រូហិរញ្ញវត្ថុ ឬ ក៏ធនាគារ ផ្សេងៗ តែងតែផ្តល់ឪកាស លើកទឹកចិត្ត និងថែរក្សាអតិថិជន ដើម្បីឲ្យចំនួនអតិថិជនរបស់ខ្លួនកើនឡើង ប៉ុន្តែចម្លែកអី បុគ្គលិក ក្រេដ ហ្វាននែន បែរជាមកសំឡុត គំរាម បង្ខិតបង្ខំ ធ្វើទុក្ខបុកម្នេញ អតិថិជនរបស់ខ្លួនទៅវិញ ។
អតិថិជន របស់ ក្រេដ ហ្វាននែន បានឲ្យដឹងថា ដោយសារតែ ក្រេដ ងាយស្រួលរត់ឯកសារ ក្នុងការផ្តល់ប្រាក់កម្ចី ទើបម្រេចចិត្ត ខ្ចីប្រាក់ពី ក្រេដ ហ្វាននែន រយៈពេលកន្លងមក ពិតជា ងាយស្រួល ទើបធ្វើឲ្យខ្លួនបន្តខ្ចីប្រាក់ពី ក្រេដ នេះ ចំនួន៤លើកមកហើយ ហើយក៏មិនដែលមានបុគ្គលិកណា មកបង្ខិតបង្ខំ សំឡុត គំរាមកំហែង ដែរ ទើបតែមួយរយៈពេលចុងក្រោយនេះ មានបុគ្គលិក របស់ ក្រេដ ហ្វាននែន បានមកធ្វើទុក្ខបុកម្នេញ ដោយសារតែការបង់ប្រាក់សងទៅវិញ មានការយឺតយ៉ាវ ។
អតិថិជន ខាងលើបន្តថា ដោយសារតែការបង់សង មានការយឺតយ៉ាវ ទើបធ្វើឲ្យបុគ្គលិករបស់ ក្រេដ បានទៅរំខានដល់កន្លែងលក់ដូរ ក៏ដូចជា ដល់ផ្ទះ ។ ការរំខាននៅកន្លែងលក់ដូរ ដោយក្រុមបុគ្គលិក ពីប្រមាណ ៤នាក់ទៅ៥នាក់ បាននាំគ្នាទៅអង្គុយចាំទារលុយ នៅជុំវិញតូបលក់ដូរ និងប្រាប់គេឯងថា ម្ចាស់តូប ជំពាក់លុយ ខាង ក្រេដ របស់ខ្លួនមិនព្រមសង រហូតដល់ម្ចាស់តូប បញ្ឈប់ ជួល តូបឲ្យលក់ដូរបន្តទៀត និងត្រូវរើឥវ៉ាន់ យកមកទុកនៅផ្ទះ ដោយមិនបានប្រកបរបរអ្វីទៀតឡើយ ។
អតិថិជនរូបនេះ បន្តទៀតថា ក្រោយពីមុខរបរលក់ដូរនៅឯផ្សារត្រូវបានផ្អាក និងមិនចំណូល ដើម្បីសងដល់ ក្រេដ នេះ ក្រុមគេបានបន្តមកអុកឡុកនៅ រំខានដល់ផ្ទះ ដោយមានគ្នីគ្នាប្រមាណជា១០នាក់ ស្រែកឡូឡារ ស៊ីផ្លេម៉ូតូ លឺៗ ជាដើម ។ ទោះបីម្ចាស់ផ្ទះនិយាយ លួងលោមសម្រុះសម្រួលយ៉ាងណា ក៏មិនស្តាប់ គឺនៅតែបង្ខំឲ្យសងលុយ ឲ្យខានតែបាន ។
ប៉ុន្តែបើតាមការឲ្យដឹងពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងពីធនាគារមួយចំនួន ចំពោះការបង់ប្រាក់សង មានការយឺតយ៉ាវ គេតែមានការផាកពិន័យ ទៅតាមចំនួន ថ្ងៃឬក៏ចំនួនខែដែលបានបង់យឺតយ៉ាវនោះ ខុសប្លែកតែខាង ក្រេដ មិនមានការផាកពិន័យ គឺមានតែក្រុមចុះមក សំឡុត គំរាម ដល់អតិថិជនរបស់ខ្លួនទៅវិញ ។
ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង បានទាក់ទងទៅកាន់ លោក តាល់ សុខា ប្រធានប្រតិបត្តិនៃ ក្រេដ ហ្វាននែន ដែរ ប៉ុន្តែមិនសុំការស្រាយបំភ្លឺបាននោះទេ ៕ ស តារា