ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំ ដកហូតវត្ថុតាង និងសម្ភារជាច្រើន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ និងប្រជាការពារភូមិ ដឹកនាំផ្ទល់ដោយលោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ព័ទ្ធចាប់ជនសង្ស័យជាមុខសញ្ញារក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដ៏ធំសម្បើមមួយ ដកហូតនូវវត្ថុតាងសង្ស័យសារធាតុញៀនជាង៣គីឡូក្រាម និងសម្ភារផ្សេងជាច្រើនផងដែរ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃត្រង់ ថ្ងៃពុធ ១៥រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា ជនសង្ស័យត្រូវបង្រ្កាបឈ្មោះ ឡាច ប៊ុននី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ រួមទាំងជនសង្ស័យជាប់ពាក់ព័ន្ធចំនួន ៣នាក់ផ្សេងទៀតផងដែរ ។
ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣ដុំ ស្មើនឹងទម្ងន់ចំនួន ៣០៨២គីឡូក្រាម(ទាំងសំបក) កាបូបស្ពាយ ១ កាបូបដាក់លុយ ១ អត្តសញ្ញាណប័ណ្ណសណ្ជាតិ្តខ្មែរ ១សន្លឹក ទូរស័ព្ទដៃចំនួន ១គ្រឿង កាតគ្រីចំនួន ៤សន្លឹក លុតខ្មែរចំនួន ៨០មុឺនរៀល ស្នាកលេេខរថយន្តចំនួន ២សន្លឹក លោកហៈពណ៏ក្រហម(ខ្សែក)១ខ្សែ ជញ្ជៀន១វង់ ជញ្ជីងអេឡិចត្រូនិក ១គ្រឿង ថង់ផ្លាស្ទិកមួយចំនួន រថយន្ដ ១គ្រឿង ។
ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យជាមុខសញ្ញា រួមទាំងជនសង្ស័យជាប់ពាក់ព័ន្ធ វត្ថុតាង និងសម្ភារនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ បុឹម ពិន

ចែករំលែក៖