ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត កំពុងខ្វះសេរ៉ូមប្រើប្រាស់លើអ្នកជំងឺ ខណៈជំងឺគ្រុនឈាមកើនឡើង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរបង្អែកក្រុងប៉ោយប៉ែត អំពាវនាវដល់សប្បុរសជន ក៏ដូចអង្កការក្រៅរាជរដ្ឋាភិបាលមេត្តាជួយ ព្រោះមន្ទីរពេទ្យ បង្អែកមានការខ្វះខាតសេរ៉ូមសម្រាប់ប្រើប្រាស់ និងព្យាបាលដល់កុមារ ខណៈជំងឺគ្រុនឈាមមានការកើនឡើង ជារៀងរាល់ថ្ងៃ ។

ប្រភពពីមន្ទីរពេទ្យប្រាប់ថា នៅក្នុងមន្ទីរពេទ្យបង្អែកតាមបណ្ដាសាលនីមួយៗ អ្នកជំងឺមកសម្រាកច្រើនរហូត អ្នកជំងឺមួយចំនួនទៀត ក្រុមគ្រូពេទ្យបានចាត់ចែងឲ្យសម្រាកនៅក្រៅបន្ទប់ទៀតផង ហើយអ្នកជំងឺម្នាក់តម្រូវការដាក់សេរ៉ូមចាប់ពី៤ផ្លោក ឡើងទៅ ទើបមានការខ្វះខាត បើទោះក្រុមគ្រូពេទ្យខំប្រឹងប្រែងរកទិញនៅក្នុងទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មិនបានដែរ ប្រភេទសេរ៉ូមដែលខ្វះ ហើយតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនោះ ជាប្រភេទសេរ៉ូមD 1/2Nss 500ml និងសេរ៉ួមLaetat Ringer ។

លោកវេជ្ជបណ្ឌិតនៅ គឹមស្រេង គ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែកក្រុងបញ្ជាក់ថាៈ ការខ្វះសេរ៉ូមសម្រាប់ផ្គត់ផ្គង់ឲ្យអ្នកជំងឺនោះ ដោយសារតែជំងឺកើនឡើងខុសពីធម្មតា ហើយការផ្ដល់ឱសថរបស់ក្រសួងសុខាភិបាល គឺបានផ្ដល់ឲ្យហើយ គឺនៅខ្វះដដែល ដូច្នេះការប្រើប្រាស់ត្រូវការច្រើន ។

លោកបញ្ជាក់ថា បើទោះជាយ៉ាងណា ខាងមន្ទីរពេទ្យបានទិញតាមរយៈលុយ ហិរញ្ញប្បទានមកបង្គ្រប់មិនអាចទុកឲ្យអ្នកជំងឺខ្វះខាត់សេរ៉ូមឡើយ ។ ទន្ទឹម នឹងការខិតខំប្រឹងប្រែងចំណាយយ៉ាងណាក៏ដោយនៅតែមានការខ្វះខាត់សេរ៉ូមច្រើន ។

លោកបន្ថែមថា ខាងផ្នែកមន្ទីរពេទ្យ ចង់ឲ្យសប្បុរជនឬក៏អង្កការក្រៅរាជរដ្ឋាភិបាល ជួយផ្គត់ផ្គង់ ដើម្បីទប់ស្កាត់អ្វីដែលខ្វះខាត លោកថាៈ បើគិតមធ្យមមួយថ្ងៃ ជំងឺលើកុមារចំនួន៦៨នាក់ ក្នុងនោះរកឃើញជំងឺគ្រុនឈាមជាង២០នាក់ ហើយនៅក្នុងមន្ទីរពេទ្យ តាំងពីជំងឺគ្រុនឈាមរាតត្បាត មួយរយៈមក ខាងមន្ទីរពេទ្យបង្អែកមិនទាន់មានកុមារណាម្នាក់ស្លាប់ដោយសារជំងឺគ្រុនឈាមនោះទេ ព្រោះតែមានការខិតខំប្រឹងប្រែងទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំ មន្ទីរខេត្ត ហើយម្យ៉ាងទៀត ក្មេងណាដែលមានការលំបាកក្នុងការសង្គ្រោះ ក្រុមគ្រូពេទ្យ នឹងបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីតែម្ដង ៕ នីម វណ្ណា


ចែករំលែក៖