ព័ត៌មានទាន់ហេតុការណ៍៖

ភាពអសកម្ម ក្នុងខណ្ឌទួលគោកបានកើតឡើង ខណៈលោក សុខ ហេង នៅសម្ងំក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ ៖ មួយរយៈពេលថ្មីនេះ គេសង្កេតឃើញថា ករណីចោរកម្ម លួច ឆក់ បានកើតឡើងជាញឹកញាប់ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ហើយមិនត្រូវបានសមត្ថកិច្ចបង្ក្រាបក្រុមចោរទាំងនោះបានទេ ដោយទុកបណ្តោយឲ្យពួកគេបង្កការលួច ឆក់ ជាហូរហែ…ព្រោះតែលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកវ័យក្មេងរូបនេះគិតតែ សម្ងំនៅក្នុងបន្ទប់ការិយាល័យ ខុសពីលោកអធិការមុនៗ ដែលតែងតែដឹកនាំកម្លាំងចុះល្បាត ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។ ចុះហេតុអ្វីបានជាលោកអធិការថ្មីនេះ កម្រឃើញដឹកនាំកម្លាំងការពារសន្តិសុខជូនប្រជាពលរដ្ឋ ។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤និង៥០នាទី នៅចំណុចផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហ៊្សូមមឺX ពាក់ស្លាកលេខខេត្ត1I-5712 ជិះមកធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង ម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HA-1677 យកទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានសមត្ថកិច្ចនោះទេ ។

តាមប្រភពព័ត៌មានពីពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា ជាក់ស្តែងណាស់ ក្រុមចោរដែលតែងតែធ្វើសកម្មភាពលួច និង ឆក់ ស្គាល់ទាំងស្លាកលេខម៉ូតូ និងភិនភាគហើយ នៅតែសមត្ថកិច្ចតាមចាប់មិនបានទៀត តើបច្ចុប្បន្ននេះសមត្ថកិច្ចខណ្ឌទួលគោក ក្រោមការដឹកនាំរបស់លោក សុខ ហេង កំពុងតែធ្វើការអ្វី បម្រើប្រជាជន ឬគិតតែ ផលប្រយោជន៍របស់ខ្លួន? ដូចជាឲ្យមន្ត្រីរបស់ខ្លួនដើរប្រមូលលុយតាមល្បែងស៊ីសងគ្រប់ប្រភេទហ្គេមបាញ់ត្រី អ៉ិនធើណេត២៤ម៉ោង ដែលបង្កប់ល្បែងភ្នាល់បាល់ កន្ទុយលេខ (ឆ្នោតវៀតណាម) ។

ប្រជាពលរដ្ឋបន្តថា ជំនាន់លោកអធិការមុនៗ មិនសូវមានករណីចោរលួច ឆក់ កើតឡើងញឹកញាប់ទេ ដោយសារតែពួកគាត់ចេះដឹកនាំកម្លាំង សហប៉ុស្តិ៍ តាមកំណត់មុខសញ្ញាជាប្រចាំថ្ងៃ ទើបមិនសូវមានបទល្មើសកើតឡើង ។ បើទោះបីជាមានករណីអំពើលួច ឆក់ ប្លន់ក៏ដោយ ក៏កម្លាំងខិតខំធ្វើការស្រាវជ្រាវ រហូតតាមចាប់ក្រុមជនសង្ស័យ ទាំងនោះយកមកដាក់ទោសតាមច្បាប់បាន ។ ប៉ុន្តែជំនាន់លោកសុខ ហេង គេឃើញអំពើលួចឆក់ប្លន់ កម្របង្ក្រាប ចាប់បានណាស់ ។

ចុងក្រោយប្រជាពលរដ្ឋ សូមណូមពរទៅលោក សុខ ហេង មេត្តាភ្ញាក់ពីដំណេកចេញមកខាងក្រៅខ្លះផង ដើម្បីដឹកនាំកម្លាំងចុះការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រយោជន៍ទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងជាក់ស្តែងដូចករណីប៉ុន្មានថ្ងៃមុននេះ ៕ស រស្មី


ចែករំលែក៖