ភ្នំពេញ៖ ការរំលោភដីធ្លីនៅតែជាបញ្ហាដ៏ចម្រូងចម្រាស់ ប្រព្រឹត្តដោយមនុស្សមានអំណាច លុយកាក់ និងជាវប្បធម៍ដ៏អាក្រក់បំផុតធ្វើឲ្យមានការថ្នាំងថ្នាក់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសរដ្ឋបាលរបស់សម្តេច ហ៊ុន សែន។
តាមពិតទៅទោះជាមានរឿងរ៉ាវច្រើនជុំវិញទំនាស់ដីធ្លី មួយរយៈចុងក្រោយនេះ មនុស្សដែលខិលខូចនៅបន្តទន្រ្ទានយកដីគេ ជាពិសេសដីថ្លីរបស់ប្រជាពលរដ្ឋស្លូតត្រង់ នៅសល់មនុស្សតែមួយក្រុមតូចប៉ុណ្ណោះ ក្នុងនោះមាន ឧកញ្ញា ភឿន ផល្លា ដែលកំពុងតែល្បីល្បាញហើយកំពុងបន្តធ្វើសកម្មភាពជាប្រព័ន្ធក្នុងចេតនាទុច្ចរិតរំលោភដីធ្លីនេះ កាន់តែពុះកញ្ជ្រោល ខណៈបច្ចុប្បន្នទីផ្សារដីធ្លីបានហក់ឡើងខ្ពស់ អ្នកវិយោគទុនសម្រុកមករកសុីស្រុកខ្មែរ និងទំនុកចិត្តរដ្ឋបាលសម្តេចជោ ហ៊ុន សែន ជាមួយនិងសន្តិភាពដ៏ពេញនៅកម្ពុជា។
គួរម្លឹកថា៖ មានមនុស្សរាប់ពាន់នាក់បានឮនិងស្គាល់ឧកញ្ញា ភឿន ផល្លា រូបនេះ ដែលមានឋានៈជា
ឧត្តមសេនីយ៍ផ្កាយពីរបម្រើការនៅអង្គភាព “ង៧០” ដែលល្បីល្បាញក្នុងការរៀបចំបណ្តាញជាប្រព័ន្ធដើម្បីដើរស៊ីដីរបស់គេជាច្រើនកន្លែងល្បីស្ទើរពេញខេត្តព្រះសីហនុនិងជាយក្រុងភ្នំពេញនិងខេត្តកណ្តាល។
សកម្មភាពរបស់ឧកញ្ញារូបនេះ បានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននៃអង្គភាព” “ង៧០” របស់កងយុទ្ធពលខេមរភូមិន្ទដែលមិនបានពាក់ព័ន្ធជាមួយ។ ប្រជាពលរដ្ឋច្រើនណាស់រួមទាំងមន្រ្តីរាជការផងបាននាំគ្នានិយាយថា ការរំលោភដីធ្លីនៅកម្ពុជានឹងថយចុះ បើសិនរាជរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើរពុករលួយបន្តវិធានការណ៍តឺងរឹងនិងមានចំណាត់ការលើជនខិលខូចដែលនៅសល់មួយចំនួនតូច ជាពិសេសឧកញ្ញាខាងលើដើម្បីជាគម្រូក្នុងការកាត់បន្ថយឬលប់បំពាត់មនុស្សអាក្រក់ដែលជាបន្ទុករបស់សង្គម។
ដោយសារតែអំពើររំលោភបំពានដីធ្លីរបស់គាត់មានច្រើនកន្លែងនិងកំពុងបន្តធ្វើពីមួយកន្លែងទៅមួយកន្លែងទៀត គេក៏ដាក់ងាឲ្យគាត់ថាជា “ឧកញ្ញាស៊ីដី ឬឧកញ្ញាពស់វែក” មានល្បិចកលរាប់រយជំពូក។
ថ្មីៗនេះ មានពាក្យបណ្តឹងជាច្រើននៅក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋរាប់រយនាក់នៅជាយក្រុងភ្នំពេញនិងខេត្តកណ្តាល និងសារព័ត៌មាន បានចេញផ្សាយជាបន្តបន្ទាប់អំពីសកម្មភាពរបស់គាត់ តែឧកញ្ញារូបនេះនៅតែខ្លាំង និងកាន់តែខ្លាំង ព្រោះរបៀបស៊ីដីរបស់ក្រុមគាត់បានរៀបជាក្បាលម៉ាស៊ីន ជាប្រព័ន្ធមួយដែលមានកំលាំងយោធារបស់គាត់ មានសម្ភារៈ មានគ្រឿងចក្រ ហើយប្រើច្រើនរូបភាព រួមទាំងរៀបចំធ្វើជាទិញដូរពីអ្នកទីពីរ អ្នកទីបីដែលជាក្រុមមនុស្សតែមួយ រួចដាក់កំលាំងព័ទ្ធយក ឬដាក់គ្រឿងចក្រចូលឈូសយក
ភ្លាមៗតែម្តងបន្ទាប់រៀបចំឯកសារផ្ទេរឈ្មោះ។ ក្នុងករណីនេះ បើខាងភាគីរងគ្រោះខ្សោយគាត់ស៊ីដាច់តែម្តង ប៉ុន្តែបើគេខ្លាំងគាត់ចរចារចែកគ្នា ហើយបើគេ
ប្តឹង គាត់ស្រែកថាគាត់ជាជនរងគ្រោះដែរព្រោះគាត់ទិញពីគេទេ។ ពលរដ្ឋច្រើនណាស់ថាបើមិនមានវិធានការទេ ឧកញ្ញារូបនេះនឹងក្លាយជាស្តេចក្រាញ់ស៊ីដីធំឡើងៗនៅទូទាំងប្រទេសដោយប្រើយុទ្ធសាស្រ្តខាងលើ ដូចនេះមានតែអង្គភាពប្រឆាំងអំពើរពុករលួយ ឬសម្តេចតេជោ ហ៊ុន សែន ទេដែលអាចបញ្ឍប់សកម្មភាពគាត់បាន។
ខាងក្រោមនេះ ជាសំរង់ពាក្យបណ្តឹងមួយក្នុងចំណោមពាក្យបណ្តឹងជាច្រើន ប្តឹងទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានចុះលេខ៖ ២៣៧ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០.៥០ នាទីព្រឹក របស់លោក ថាន ថាវរៈ មេធាវីតំណាងឲ្យឈ្មោះ ច្រឹង វុត្ថា, គង់ វណ្ណា, ទីម យ៉ាន, ស៊ីង ស៊ាន, សៀន សុខ, សៅ សុខុន និងឈ្មោះ អែម អ៊ីន។ ក្នុងលិខិតនោះមានកម្មវត្ថុ៖សំណើរសុំប្តឹងមេក្លោងឈ្មោះ ភឺន ផល្លា ឬ ភឿន ផល្លា (មន្រ្តីកងយុទ្ធពលខេមរភូមិន្ទ ង៧០) ដែលជាអ្នកផ្តល់មធ្យោបាយដល់ឈ្មោះ ញ៉ាក់ គឹមតុង, យាយ កោះកុង, យាយ នោមឆេះ, កែន សឿ (ផ្កាយ១) និងឈ្មោះ គឿន (វីរៈសេនីយ៍ឯក) ដែលបានឲ្យអ្នកសមគំនិតនិងបក្សពួកគូរកនរបស់ខ្លួនចូលទៅធ្វើរបងនិងពុះជាឡូត៍នៅលើទីតាំងអចលនវត្ថុទំហំ ៤៧៧,៥១៣ ម៉ែត្រការ៉េ។
អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោកឧត្តមសេនីយ៍ទោ ភឿន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ «ង៧០» នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែមានអ្នកផ្សេងជាច្រើនបានទូរស័ព្ទមកកាន់អង្គភាព នគរវត្ត ដោយអៈអាងថា តំណាងអោយ ឧកញ្ញា ភឿន ផល្លា ដោយបញ្ជាក់ថា៖ រឿងដីធ្លីនេះកើតមានប៉ុន្មានខែមុន ហើយឧកញ្ញា ភឿន ផល្លា បានដោះស្រាយបញ្ចប់រួចរាល់ មិនយកមកផ្សព្វផ្សាយជាថ្មីនោះទេ។
ទោះមានការអៈអាងបែបនេះក៏ដោយ ក៏ប្រជាពលរដ្ឋ នៅខេត្តកណ្តាល ខេត្តព្រះសីហនុ ជាយក្រុងភ្នំពេញ ពិសេសរាលដាលដល់តំបន់ផ្លូវជាតិលេខ៥១ វិញម្តង កាន់តែធ្វើអោយមានក្តីព្រួយបារម្ភបញ្ហារំលោភដីធ្លីនេះរាលដាលបន្តទៀត។
ឧកញ្ញា ភឿន ផល្លា មានទម្លាប់ប្រើកម្លាំងយោធា ទាំងគ្រឿងចក្រ រថយន្តស៊េរ៉ែន ជាដើម ក្នុងរូបភាពប្រើអំណាច គ្របដណ្តបដល់ភាគីជម្លោះជាដើម។
មានមនុស្សជាច្រើនកំពុងតែមានចំងល់ថា តើទ្រព្យសម្បត្តិដ៏មហាសាលរបស់ឧត្តមសេនីយ៍ផ្កាយពីរមួយរូបបានមកដោយវិធីណា? នេះជាបណ្តឹងសាធារណៈមួយដែលជាពន្លឺដល់អង្គភាពប្រឆាំងអំពើរពុករលួយ ហើយសង្ឃឺមថាលោកទេសរដ្ឋមន្ត្រី ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយនឺងជួយស្រាវជ្រាវធ្វើយ៉ាងណាដើម្បីជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយនូវការថ្នាំងថ្នាក់ដល់រាជរដ្ឋាភិបាលដែលសម្តេចហ៊ុន សែន លោកកំពុងខិតខំកែទំរង់ និងជាពិសេសជៀសវាងការប៉ះពាល់ដល់អង្គភាព “ង៧០” របស់កងយុទ្ធពលខេមរភូមិន្ទដែលមិនបានពាក់ព័ន្ធជាមួយ និងបុគ្គល លោកផ្កាយ២ ភឿន ផល្លា នេះ៕
ដោយ៖ សុខ ខេមរា