ភ្នំពេញ ៖ អាសូរបុរសម្នាក់ខំរត់កង់បីមួយថ្ងៃៗមិនសម្រាកដើម្បីរកលុយចិញ្ចឹមគ្រូសារចំណែកប្រពន្ធធ្វើជានារីម៉ាស្សា ខណៈប្តីមកពីរត់កង់បីវិញបំណងយកលុយឲ្យប្រពន្ធទុក ស្រាប់តែឃើញប្រពន្ធកំពុងប្រតិបត្តិការលើគ្រែជាមួយប្រុសថ្មីជាភ្ញៀវ ទើបស្រែកយំមិនសុខចិត្តហេតុអីអូនក្បត់ចិត្តបងបែបនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ សុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូង នៅក្នុងហាងម៉ាស្សាយីហោ ម៉ាស្សាកោសជប់ លេខ៥៩ លើដងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសជាប្តី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី រស់នៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំណែកប្រពន្ធឈ្មោះ ស.ន. អាយុ២៣ឆ្នាំ មុខរបរនារី ម៉ាស្សាកោសជប់ នៅទីតាំងខាងលើ អ្នកទាំងពីរមានកូនប្រុសចំនួន២នាក់ ក្នុងបន្ទុកគ្រួសា រកូនបងអាយុ៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែប៉ុណ្ណោះ ។
តាមសម្តីបុរសជាប្តីបានប្រាប់ឲ្យដឹងថា ដោយសារជីវភាពខ្វះខាតទើបប្រពន្ធសុំមកធ្វើជានារីម៉ាស្សាកោសជប់ដើម្បីចិញ្ចឹមគ្រួសារ ចំណែករូបគាត់រត់កង់បី ។ នៅមុនពេលកើតហេតុរូបគាត់បានមកពីរត់កង់បីហើយបានចូលមកទីតាំងម៉ាស្សាដែលជាកន្លែងប្រពន្ធធ្វើការ ដើម្បីយកលុយឲ្យប្រពន្ធទុក ។ ខណៈមកដល់មិនឃើញនៅខាងក្រោម ទើបរូបគាត់ឡើងទៅបន្ទប់ជាន់ទី២ ក៏បើកបង្អួចមើល ពុទ្ធោប្រពន្ធបងអើយ អូនកំពុងតែរួមរ័ក្សជាមួយភ្ញៀវ ហេតុអីអូនហ៊ានធ្វើបែបនេះ?
ក្រោយមក ទើបចុះមកខាងក្រោម យំសោកបោកខ្លួនហួចចិត្ត ដែលប្រពន្ធក្បត់ចិត្តប្តីបែបនេះ ហើយក៏រៀបរាប់ប្រាប់អ្នកសារព័ត៌មានទាំងការឈឺចាប់ ។ អស់រយៈពេលជិតមួយម៉ោង ក៏ឃើញសមត្ថកិច្ចស្ទឹងមានជ័យទី២ ចុះមកចំណុចផ្ទះម៉ាស្សាខាងលើបានលួងលោមឲ្យទៅប៉ុស្តិ៍សិន តែបុរសរូបនោះមិនទៅជាដាច់ខាត លុះត្រាតែប្រពន្ធរបស់គាត់ចេញមកដោះស្រាយគ្នា បើមិនអីចឹងទេ គាត់សុខចិត្តអង្គុយយំមិនចេញទៅណាទាំងអស់ ។
ក្រោយមក សមត្ថកិច្ចបានលួងលោមឲ្យបុរសជាប្តីខាងលើទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីដាក់ ពាក្យបណ្តឹង តែដោយបុរសជាប្តីមិនចង់វែងឆ្ងាយ អាណិតដល់កូនមិនបានប្តឹងនោះទេ សូមឲ្យប្រពន្ធឈប់ធ្វើអីចឹងតទៅទៀត ៕ តុង សីហា