ខេត្តបន្ទាយមានជ័យ៖ យោធភូមិភាគទី៥ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានបើកវគ្គហ្វឹកហ្វឺនជំនាញអន្តរាគមន៍ពិសេស និងក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ ដល់កងពលតូចថ្មើរជើងលេខ៥១ ដើម្បីពង្រឹងពង្រីកសមត្ថភាពឱ្យកាន់តែមានគុណភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យកាន់តែរឹងមាំ ។
ពិធីបើកវគ្គហ្វឹកហ្វឺននេះ ធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង នាយសេនាធិការ យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ លោក យូ ស៊ីណែត ប្រធានសហព័ន្ធយុទ្ធក្រមខមកម្ពុជា មេបញ្ជាការតាមបណ្តាអង្គភាពចំណុះទិសទី១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ថានេះ ជាលើកទី១ យោធភាគទី៥ បានដាក់បញ្ជូលកម្មវិធីយុទ្ធគុនក្នុងកម្មវិធីហ្វឹកហ្វឺន សំដៅលើកកម្ពស់ សមត្ថភាព និងកាយសម្បទារឹងមាំរបស់យោធិន ក្នុងតួនាទីភារកិច្ច ពិសេសចូលរួមចំណែកថែរក្សាកេរ្តិ៍ដំណែល សម្បត្តិវប្បធម៌ជាតិ ក្បាច់គុណបូរាណខ្មែរ ដែលជាមរតកអមតៈមិនអាចកាត់ថ្លៃ ស្នាដៃរបស់បុព្វបុរសខ្មែរ ។
លោកបន្តថា ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំយោធាចារ្យ បុគ្គលិកបម្រើការ និងនាយទាហានទាំងអស់ត្រូវសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំឱ្យមានកម្មវិធីសក្សា និងកិច្ចដំណើការនូវវគ្គហ្វឹកហ្វឺនជាច្រើនសំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ពរបស់យើងឱ្យកាន់តែមានគុណភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យកាន់តែរឹងមាំ ។
សូមបញ្ជាក់ថា សិក្ខាកាមវគ្គហ្វឹកហ្វឺននេះ សរុបចំនួន១៣៩នាក់ គ្រូបង្ហាត់មកពីសហន្ធ័យុទ្ធក្រមខម ចំនួន២រូប រយៈពេល៩០ថ្ងៃ កម្លាំងនេះក៏ជាផ្នែកមួយ សម្រាប់ត្រៀមចល័តអន្តរាគមន៍ តាមផែនការរបស់ថ្នាក់លើផងដែរ៕ ហេង សូរិយា