ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេធំជន់លិចទីក្រុងទេសចរណ៍ “ព្រះសីហនុ”អាជ្ញាធរប្រកាសផ្អាកផ្គត់ផ្គង់អគ្គិសនី បណ្តោះអាសន្ន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ភ្លៀងមួយមេធំបានបង្អុរយ៉ាងគំហុករយៈពេលជាងពីរម៉ោងចាប់ពីម៉ោង ១១​ និង៣០នាទីព្រឹកដល់ម៉ោង២រសៀល ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥​៦៣ ត្រូវនឹងថ្ងៃទី​២ខែសីហា ឆ្នាំ​២០១៩ នៅកណ្តាលទីក្រុងទេសចរណ៍ (ក្រុងព្រះសីហនុ) ធ្វើឲ្យ​តំបន់​ទំនាប​មួយចំនួនក្នុងក្រុងព្រះសីហនុមានទឹកជន់លិច ពិសេសតំបន់ទំនាបក្នុង​សង្កាត់​​​លេខ៣ និងលេ៤ ទឹកលិចត្រឹមលើក្បាលជង្គង់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋខ្លះលិចលង់ទ្រព្យ​សម្បត្តិ​ និងសម្ភារ ។

ប្រភពពីមន្រ្តីសាលាក្រុងព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីមានជំនន់ទឹកភ្លៀងនេះអាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្រោមការដឹកនាំ និងបញ្ជាពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​ដឹក​នាំមន្រ្តីជុះធ្វើការដោះស្រាយជាបណ្តើរៗដូចជា ឲ្យគ្រឿងចក្រកាយបើកផ្លូវទឹក និងដោះ​ស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរប្រឡាយជាដើម ។ ទឹកបានស្រក នៅល្ងាច​ថ្ងៃនោះបន្ទាប់ពីមន្រី្តជំនាញ បើកផ្លូវទឹកឲ្យហូរតាមប្រឡាយ និងលូ ។

ជាមួយគ្នានេះដែរវេលាម៉ោង ១២ និង៤៥នាទីថ្ងៃដដែល អគ្គិសនីខេត្តព្រះសីហនុ បានប្រកាស​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងS17ផងដែរដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនី ដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាល​ឲ្យដាច់​ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០១ ភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្រុមការងារបច្ចេកទេស និងធើ្វការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្ត​ប្រើ​ប្រាស់​ឡើងវិញពេលដែលជំនន់ទឹកភ្លៀងស្រកចុះ ។

មន្រ្តីសាលាក្រុងព្រះសីហនុបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះមិនបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះធ្លាក់លូ ឬចរន្តអគ្គិសនីឆក់នោះទេ ហើយប្រជាពលរដ្ឋមានចរន្តប្រើប្រាស់អគ្គិសនីឡើងវិញនៅល្ងាចថ្ងៃនោះដែរ៕ ឆ្លាមសមុទ្រ


ចែករំលែក៖