ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ក្រោយរកជើញដាវសាម៉ូរ៉ៃ និងកាំភ្លើងកែច្នៃ

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតបានដាវសាម៉ូរ៉ៃចំនួន១ដើម កាំភ្លើងកែច្នៃចំនួន១ដើម ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរួម និងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់បញ្ជូនទៅសាលាដំបូងខេត្ត ។

ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៦និង៥នាទី ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិពង្រ២ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រភពពីការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀននេះ ក្រោមបញ្ជា លោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត សម្របសម្រួលដោយ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាសកម្ម រួមនឹងវត្ថុតាងគ្រឿងញៀន ។

ប្រភពបន្តថា ជនសង្ស័យទី១ឈ្មោះ ញ៉េប រ៉សែត ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ទី២ឈ្មោះ ស្លេះ អារីហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅ ភូមិអំពិល ឃុំប៉ឹស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ ទី៣ឈ្មោះ សារី ម៉ូស្លីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូងខេត្តក្រចេះ ។

វត្ថុតាង រួមមានម្សៅក្រាម ពណ៌សចំនួន៦កញ្ចប់ (ធំ២កញ្ចប់ តូច៤កញ្ចប់) ថង់ប្លាស្ទិចសម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន ទុយោចូករំលែកគ្រឿងញៀនចំនួន១ ដាវសាម៉ូរ៉ៃចំនួន១ កាំភ្លើងកែច្នៃចំនួន១ដើម ទូរសព្វ័ចំនួន២គ្រឿង និងសម្ភារ សម្រាបប្រើប្រាសគ្រឿងញៀនមួយចំនួនទៀត ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ ជីវ័ន្ត


ចែករំលែក៖