មិនបាន២៤ម៉ោងស្រួលបួលផង ក្រោយពីមានការបាញ់ប្រហារសម្លាប់មនុស្ស២០នាក់ នៅរដ្ឋតិចសាស ស្រាប់តែនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិកដដែលនោះ មានករណីបាញ់ប្រហារទៀតកើតឡើង បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត៩នាក់ ។
ប្រភពសារព័ត៌មានAFP បានផ្សាយថា ប៉ូលិសអាមេរិកបានថ្លែងកាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ថា មនុស្ស៩នាក់បានស្លាប់ ក្នុងអំពើបាញ់ប្រហារសម្លាប់រង្គាលមួយ ស្ថិតនៅក្នុងទីក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក ។
នៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីធើរបស់ប៉ូលិសក្នុងតំបន់បានផ្សព្វផ្សាយថា «ជនបាញ់ប្រហារ បានស្លាប់ ។ មនុស្ស៩នាក់ផ្សេងទៀត ក៏បានស្លាប់ និង១៦នាក់ផ្សេងទៀតបានរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ» ។ មូលហេតុការណ៍ការបាញ់ប្រហារនេះ មិនទាន់ដឹងនោះទេ ។
ប្រភពពីសារព័ត៌មានប៊ីប៊ីសី បានផ្សាយវីដេអូ នៅលើបណ្តាញសង្គម ឃើញមនុស្សម្នារត់ត្រហេបត្រហបនៅតាមដងផ្លូវ រត់គេចពីកន្លែងផ្ទុះអាវុធនោះ ។
សូមរំលឹកថា មិនដល់២៤ម៉ោងផង ទឹកដីអាមេរិក មានករណីបាញ់ប្រហារសម្លាប់រង្គាលរហូតដល់២លើក ។ មួយលើគឺនៅផ្សារទំនើប Walmart នៅទីក្រុង El Paso រដ្ឋតិចសាស ស្លាប់២០នាក់ និងរបួស២៦នាក់ កាលពីថ្ងៃទីសៅរ៍ (ម៉ោងនៅអាមេរិក) ៕