ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវជនសង្ស័យបើកម៉ូតូកៀរដួលប្លន់យកម៉ូតូទៅបាត់ នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ជិះម៉ូតូមកកៀរម៉ូតូនារីម្នាក់ឲ្យដួល រួចបក្ខពួកដែលអង្គុយខាងក្រោយលោតចុះពីលើម៉ូតូ មកលើកម៉ូតូនារីរងគ្រោះជិះចេញទៅដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងប្រហែល២០០ម៉ែត្រ ពីវត្តលង្កា ផ្លូវ៥១ (ផ្លូវប៉ាស្ទ័រ) កែងនឹងផ្លូវ ២៦២ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ នី តា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកដូរលុយ នៅផ្សារអូរឡាំពិកស្នាក់នៅម្តុំផ្សារទំពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទីកន្លែងកំណើតសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ម៉ូតូដែលបាត់បង់នោះម៉ាក ហុងដា (ZOOMER X) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FJ.2523 ចំណែកជនសង្ស័យ ២នាក់ដែលធ្វើសកម្មភាព ជិះម៉ូតូម៉ាកហុងដា អាយខុន ពណ៌ផ្កាឈូក មួយគ្រឿង មិនចាំស្លាកលេខ។

តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបគាត់ពីរនាក់ប្ដីប្រពន្ធបានជិះចេញពីកោះពេជ្រតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ខណៈមកជិតដល់ចំណុចកើតហេតុ រូបគាត់បានបើកម៉ូតូបត់ទៅផ្លូវ៥១ (ផ្លូវប៉ាស្ទ័រ) បញ្ច្រាសទិសចរាចរ ហើយគាត់ដាក់ប្ដីចុះបម្រុងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូអាយខុន មួយគ្រឿងមិនចាំស្លាកលេខតាមបណ្ដោយផ្លូវ ៥១ (ផ្លូវប៉ាស្ទ័រ) កៀររូបគាត់ឲ្យដួលហើយអ្នកជិះ ខាងក្រោយលោតចុះពីលើម៉ូតូ មកលើកម៉ូតូគាត់ជិះចេញទៅដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចខណ្ឌដូនពេញឡើយ។ គ្រានោះគាត់ស្រែកចោរៗ ហើយក៏មាន ប្រជាពលរដ្ឋចេញមកព្រោងព្រាត ប៉ុន្តែដោយសារតែជនសង្ស័យជិះលឿនពេកគេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុមានពូកង់បីម្នាក់ បានមកលើករូបគាត់ ដឹកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីដាក់ពាក្យបណ្ដឹង ៕ ជ្រោយពេជ្រ


ចែករំលែក៖