ខេត្តរតនគិរី៖ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ស្ទាក់បង្ក្រាបបានរថយន្តសាំយ៉ុងមួយគ្រឿង ដែលដឹកធ្យូងបង្កប់ឈើបម្រុងឆ្លងដែនដោយខុសច្បាប់ ទៅបរទេសវៀតណាម យកមកប្រគល់ឲ្យជំនាញ ។
ការបង្ក្រាបរថយន្តសាំយ៉ុងដឹកធ្យូងបង្កប់ឈើនេះ សមត្ថកិច្ចបានធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឈើដែលបង្ក្រាបនេះ ជាប្រភេទឈើសុក្រំ ចំនួន ៧សន្លឹក និងធ្យូងមានចំនួន៥៥បាវ ដែលដឹកបម្រុងឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសវៀតណាម តាមរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាក់លេខ ភ្នំពេញ ២N.២៥៤២។
ក្រោយពេលបង្រ្កាបបានកងរាជអាវុធហត្ថបានយករថយន្តល្មើសច្បាប់ដឹកធ្យូងបង្កប់ឈើខាងលើនេះ ប្រគល់ឲ្យទៅខាងរដ្ឋបាលព្រៃឈើផ្នែកបរកែវ ចាត់ការបន្តតាមនីតិវិធី។
ប្រភពពីប្រពលរដ្ឋដែលរសនៅតាមដងផ្លូវជាតិបានឲ្យដឹងថា សព្វថ្ងៃនេះគេសង្កេតឃើញមានរថយន្តដឹកធ្យូងទាំងនេះចាប់ផ្តើមករក្រើកឡើងសារជាថ្មីទៀតហើយ ដែលតែងតែលួចបង្កប់ឈើបើកបរយ៉ាងគំហុកទៀតផង ទើបឈានដល់មានការបង្ក្រាបនេះ ៕ ជីវ័ន្ត