ខេត្តក្រចេះ-ភ្នំពេញ៖ ករណីឃាតកម្មសព្វថ្ងៃកាន់តែសាហាវឡើង ដែលសូម្បីតែប្តី ក៏ដាច់ចិត្តសម្លាប់ភរិយា ព្រោះតែស្រវឹង និងដោយក្តីប្រចណ្ឌនោះដែរ ។ ជាក់ស្តែងនៅភ្នំពេញ បុរសម្នាក់ដោយសារតែស្រវឹង បានវាយប្រពន្ធ២ដៃ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយករណីស្រដៀងគ្នានេះ បានកើតឡើងនៅឯខេត្តក្រចេះ ដោយបុរសជាប្តីព្រោះតែភ្លើងប្រចណ្ឌ បានយកកាំបិតផ្គាក់កាប់ប្រពន្ធជាច្រើនកាំបិត រួចរុញទម្លាក់លូ បណ្តាលឲ្យស្លាប់ភ្លាមៗ ។
ករណីដែលបានកើតឡើងនៅរាជធានីភ្នំពេញ ស្ត្រីម្នាក់ ត្រូវបានប្ដីចិត្តអប្រិយ៍មកពីផឹកសុីស្រវឹងរួចមកដល់ផ្ទះបែជារករឿងប្រពន្ធ រហូតបង្កហិង្សាវាយប្រពន្ធពីរដៃបណ្តាលឲ្យថប់ដង្ហើមស្លាប់ បង្កឲ្យមាមការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៨k ក្រុមទី១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោយមកសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនដៃដល់បានភ្លាមៗផងដែរ ។
ជនបង្កជាប្ដីមានឈ្មោះ ផង់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករលើកអុីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុបមានទីលំនៅបច្ចុប្បន្នត្រង់ចំណុចកើតហេតុខាងលើ ។ រីឯសពស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ រស់នៅជាមួយគ្នា ត្រង់ចំណុចកើតហេតុ ។ ដោយពួកគេទាំង២នាក់យកគ្នាជាប្ដីប្រពន្ធមិនបានរៀបការនិងរស់នៅជាមួយគ្នាអស់រយះពេល១ឆ្នាំគ្មានកូននោះទេ ។
បើតាមសម្ដីជនដៃដល់ជាប្ដីបានសារភាពថា ជារៀងរាល់ថ្ងៃរូបគេរស់នៅជាមួយប្រពន្ធជាជនរងគ្រោះមិនសូវចុះសំរុងនិងគ្នានោះទេ ដោយរូបគេក៏ប្រច័ណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រច័ណ្ឌប្ដី ទើបឈ្លោះគ្នានិងឈានដល់ប្រើហិង្សាផងដែរ ។
លុះនៅថ្ងៃកើតហេតុ រូបគេបានមកពីផឹកសុីជាមួយមិត្តភក្តិ ដោយស្រវឹងស្រាផង និងមានគំនិតគិតពីប្រពន្ធមិនល្អផង ក៏កើតជាហិង្សាវាយប្រពន្ធចំនួន២ដៃចំគំថ្គាមនិងក្តោងច្រមុះ រួចខ្ទប់ដង្ហើមរហូតដល់ស្លាប់តែម្ដង ។
ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅជិតខាងឃើញហេតុការណ៍នេះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកឃាត់ខ្លួនឃាតករជាប្ដី យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាបទី២ ដើម្បីសួរនាំ និងកសាងសុំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធី ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូង រង់ចាំធ្វើបុណ្យតាមប្រពៃណី ។
រីឯនៅខេត្តក្រចេះ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ មានករណីឃាតកម្ម ដោយបុរសជាប្តីសម្លាប់ប្រពន្ធ នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង/ខេត្តក្រចេះ ។
ប្រភពពីអ្នកជិតខាងប្រាប់ថា ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ (ត្រូវជាប្រពន្ធ) ។ ជនសង្ស័យ ឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាប្តី) អ្នកទាំងពីរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
កន្លងមកអ្នកទាំងពីរ មានជម្លោះរកាំរកោស ក្នុងគ្រួសាររហូតដល់ឈ្មោះ គង់ ស្រីទូច សម្រេចចិត្តដាក់ពាក្យបណ្តឹង សុំលែងលះគ្នា ប៉ុន្តែឈ្មោះ សំ សុភ័ក្ត្រាជាប្តីពុំយល់ព្រមឡើយ ។
លុះនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ជិះម៉ូតូទៅទិញបង្អែមពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី លីកាំបិតផ្គាក់កាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ+ហេងសូរិយា