គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការក្តៅចំពោះបណ្តាជនដែលពាក់ព័ន្ធក្នុងបញ្ហាបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ។ ក្នុងនាមប្រជាពលរដ្ឋមួយរូបនៅក្នុងខេត្តមណ្ឌលគិរី ពិតជាសាទរចំពោះចំណាត់ការនេះ ។ ចំណាត់ការដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺសាលាដំបូងខេត្តបានចេញដីកាកោះហៅបណ្តាជនដែលពាក់ព័ន្ធ២០នាក់ទៀតក្នុងបញ្ហាបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ។ បណ្តាជនទាំង២០នាក់នោះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាខ្ញុំបាទមើលឃើញថា ដូចជាមិនអេះឲ្យចំកន្លែងរមាស់នោះឡើយ ។ និយាយឲ្យខ្លី គឺជនដែលពាក់ព័ន្ធនឹងបទល្មើសធំៗ មិនឃើញតុលាការកោះហៅមកសួរនាំនោះឡើយ ។
នៅក្នុងក្រុងសែនមនោរម្យ នរណាក៏ដឹងដែរថា ឈ្មួញរកស៊ីឈើល្បីឈ្មោះ សារឿន ម៉ាប់ សហការជាមួយនាយកដែនជម្រកសត្វព្រៃភ្នំណាំលៀ ក៏បានរួមចំណែកកសាងបទល្មើសយ៉ាងគគ្រឹកគគ្រេងមិនចាញ់ឧកញ៉ា ស៊ឹង សំអ៊ុលនោះប៉ុន្មានដែរ ។ ពួកគេជាអ្នកកសាងបទល្មើសទ្រង់ទ្រាយធំ ហើយក៏ជាអ្នកដែលបានចែករំលែកផលប្រយោជន៍ឲ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្ថាប័ននានានៅក្នុងខេត្តទៅតាមឋានៈនិងតួនាទី ។ ជាងនេះទៅទៀត ពួកគេ(សារឿន ម៉ាប់ និងនាយកដែនជម្រកសត្វព្រៃភ្នំណាំលៀ) ស្ទើរបានក្លាយខ្លួនទៅជាឧកញ៉ាទៅហើយ ។ បច្ចុប្បន្ន ពួកគេកំពុងរស់នៅសោយសុខ ក្រោយពីការសាងបទល្មើសព្រៃឈើដ៏គគ្រឹកគគ្រេងមួយរយៈពេលកន្លងមក ។ ប៉ុន្តែពួកគេមិនមានឈ្មោះនៅក្នុងបញ្ជីខ្មៅនោះឡើយ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់ចំពោះចំណាត់ការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសនេះ ។
ក្រៅតែពីបុរសខ្លាំងទាំងពីរនាក់ខាងលើ ក៏នៅមានអ្នកមានអំណាចនៅក្នុងខេត្តនេះ ពាក់ព័ន្ធនៅក្នុងបញ្ហាបទល្មើសនេះដែរ ។ ប្រជាពលរដ្ឋសុទ្ធតែដឹងថា អ្នកពាក់ព័ន្ធនៅក្នុងការប្រមូលឈើរបស់ក្រុមហ៊ុន យ៉ាន់ចាវ គឺជាកូនប្រសារបស់ថ្នាក់ដឹកនាំខេត្ត ហើយក៏ជាមន្ត្រីជាន់ខ្ពស់មួយរូបនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនោះផងដែរ ។ ពាក់ព័ន្ធនឹងក្រុមហ៊ុនយ៉ាន់ចាវនេះ ក្រៅពីឥទ្ធិពលដ៏ធំរបស់កូនប្រសាថ្នាក់ដឹកនាំខេត្ត ក៏នៅមានឈ្មោះម៉េង ហៅក្រៅ ម៉េង បីពូថៅ, ឈ្មោះ ដានី ហៅតាសក់ស និងឈ្មោះ ធី ជាដើម ។ ប៉ុន្តែពួកគេបានរួចផុតពីសំណាញ់ច្បាប់ដ៏ញឹកនេះ ។
ច្បាប់ដែលមិនអាចចាត់វិធានការចំពោះពួកអ្នកពាក់ព័ន្ធនឹងអ្នករកស៊ីបទល្មើសពិតប្រាកដនៅខេត្តមណ្ឌលគិរីនោះ ធ្វើឲ្យប្រជាពលរដ្ឋ យល់ឃើញថា វាជាចំណុចដែលត្រូវកែលម្អ ។ យើងខ្ញុំជាប្រជាពលរដ្ឋចង់ឃើញការអនុវត្តច្បាប់ត្រឹមត្រូវពេញលេញ ដោយមិនមានចន្លោះប្រហោងសម្រាប់អ្នកទទួលខុសត្រូវ ។ មានន័យថា អ្នកប្រព្រឹត្តបទល្មើសមិនអាចរួចខ្លួនពីសំណាញ់ច្បាប់បានទេ ។ ប៉ុន្តែជាក់ស្តែងបច្ចុប្បន្ននេះ អ្នកប្រព្រឹត្តល្មើសមួយចំនួនកំពុងរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ ។ ក្រៅតែពីឧកញ៉ាសឹង សំអុល គឺមានតែឈ្មួញកំប៉ិកកំប៉ុកប៉ុណ្ណោះ ដែលច្បាប់កំពុងចាត់ការ ប៉ុន្តែឈ្មួញល្បីៗ ដូចជាសារឿន ម៉ាប់, កូនប្រសាថ្នាក់ដឹកនាំខេត្ត និងនាយកជម្រកសត្វព្រៃភ្នំណាំលៀ… មិនស្ថិតក្នុងជម្រើសនៃចំណាត់ការផ្លូវច្បាប់នោះឡើយ ៕ ប្រជាពលរដ្ឋម្នាក់