ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសតែងតាំងលោកម៉ម វាសនា ជាប្រធានមន្ទីរទេសចរណ៍រាជធានី ជំនួសលោកស្រីគឹម សុវណ្ណា ត្រូវផ្ទេរភារកិច្ចថ្មី

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការតែងតាំង លោក ម៉ម វាសនា ជាប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញថ្មី ជំនួសលោកស្រី គឹម សុវណ្ណា គឺដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបន្តដឹកនាំ គ្រប់គ្រង អភិវឌ្ឍវិស័យទេសចរណ៍ រាជធានីភ្នំពេញ ឲ្យមានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ខណៈដែលប្រធានមន្ទីរថ្មីរូបនេះ បានឆ្លងកាត់ការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ពីថ្នាក់ដឹកនាំក្រសួង ហើយក៏ទទួលបានការគាំទ្រ និងឯកភាព ពីអភិបាលរាជធានីភ្នំពេញ និងក្រសួងមុខងារសាធារណៈផងដែរ ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរទេស ចរណ៍ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោក ថោង ខុន បានលើកឡើងថា៖ លោក ម៉ម វាសនា ជា មន្ត្រីសកម្ម មានសមត្ថភាព ចំណេះដឹង បទពិសោធន៍ មានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ ដូច្នេះហើយ ប្រធានមន្ទីរថ្មី នឹងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ជំនាញ ដើម្បីដឹកនាំនិងគ្រប់គ្រង វិស័យទេសចរណ៍រាជធានីភ្នំពេញ ឲ្យកាន់តែរីក ចម្រើនថែមទៀត ។

លោក ថោង ខុន ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង និងរួមសហការគ្នា ក្នុងការជម្រុញអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យមានការប្រែមុខមាត់ថ្មី និងមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ រាជធានីភ្នំពេញ ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ។ “ការរីកចម្រើនដ៏ឆាប់រហ័ស នៅរាជធានីភ្នំពេញ គឺមិនអាចកាត់ផ្តាច់បាន ពីការចង្អុលបង្ហាញ ដឹកនាំជាប្រចាំ ពីប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជា ជានាយករដ្ឋមន្រ្តី និងការចូលរួមសហការគាំទ្រ ពីគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋផងដែរ” ។

សូមបញ្ជាក់ថា៖ កិច្ចខិតខំប្រឹងប្រែង ទំនាក់ទំនង របស់អតីតប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ ការរីកចម្រើន នៃវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញកន្លងមក គឺមិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ លោកស្រី គឹម សុវណ្ណា អតីតប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទទាំងអស់ រហូតដល់ លោកស្រី គឹម សុវណ្ណា ត្រូវបានឡើងកាន់តំណែងថ្មី ជាសមាជិកសភា (តំណាងរាស្រ្តមណ្ឌលភ្នំពេញ) កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដើម្បីចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យទេចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ ទន្ទឹមគ្នានឹងការកែលម្អ គុណភាព សេវាកម្មទេសចរណ៍ យើងក៏បានខិតខំ ធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗ ធ្វើអោយទីក្រុង មានការប្រែមុខមាត់ថ្មី និងរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ក្នុងនោះរួមមានការស្តា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយលូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសួនច្បារ និងលំហរបៃតងជាដើម” ។

លោកបានបន្តថា ៖ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់ សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាល ឲ្យមានគុណភាព ការកែលម្អអនាម័យបរិស្ថាន ក្នុងទីក្រុង ការលើកកម្ពស់សុខសុវត្ថិភាព ចំណីអាហារ ការចូលរួមទប់ស្កាត់ការផលិត ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ លុបបំបាត់ អំពើហិង្សាក្នុងគ្រួសារ ពង្រឹកការអភិវឌ្ឍ គោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ តាមរយៈយន្តការ ច្រកចេញចូលតែមួយ ។ ទាំងនេះគឺជាសក្ខីភាព ឆ្លុះបញ្ចាំងពីឆន្ទៈ និងជំហរមួសមុត របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន សុខុមាលភាពទីក្រុង និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយចូលរួមទស្សនាកម្សាន្ត កាន់តែច្រើនឡើងៗ និងស្នាក់នៅរយៈពេលវែង ប្រកបដោយភាពរីករាយ និងសុខដុមបនីយកម្ម” ។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញថ្មី បានលើកឡើងថា ចំពោះមុខតំណែងថ្មីនេះ គឺជាទំនុកចិត្តថ្មីបន្ថែមទៀត របស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងជារបត់ការងារថ្មី ក្នុងអាជីពជាមន្ត្រីរាជការស៊ីវិល ដែលត្រូវចូលរួមចំណែក កាន់តែស៊ីជម្រៅ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសការបំពេញតួនាទី-ភារកិច្ចជូន ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ លើការងារឧស្សាហកម្មទេសចរណ៍ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង តាមរយៈការខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញការងារជូន ក្រសួងទេសចរណ៍, រដ្ឋបាលរាជធានីភ្នំពេញ, ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ, ប្រតិបត្តិករទេសចរណ៍ និងបម្រើប្រជាជន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ៕ សំរិត


ចែករំលែក៖