ខេត្តកណ្ដាល៖ បុរសម្នាក់ ដែលតែងតែរករឿងម្ដាយឪពុកញឹកញាប់ ត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួន បន្ទាប់ពីបុរសសង្ស័យរូបនេះ ផឹកស្រាស្រវឹង សុំលុយម្ដាយ តែម្ដាយគ្មានលុយឲ្យ ក៏ខឹងក្រោធ ស្ទុះទៅយកកាប់ផ្គាក់ដេញកាប់ម្ដាយឪពុកខ្លួនឯងផ្អើលឆោឡោ តែពុំបណ្ដាលឲ្យមានរបួសនោះទេ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃច័ន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០និង១០នាទី ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ឆៃហៀង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ត្រូវជាកូន) រីឯជនរងគ្រោះឈ្មោះ ម៉េង ង៉ូវហេង ភេទប្រុសអាយុ៦០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុក និងម្នាក់ទៀតឈ្មោះ ស្រុន ចន្ថា ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាម្ដាយ) ។ ជនរងគ្រោះនិងជនសង្ស័យមានទីភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងចាប់យកបានមាន៖ កាំបិតផ្គាក់ចំនួន១ ។
ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យជាកូន តែផឹកស្រាស្រវឹងរករឿងម្ដាយឪពុករបស់ខ្លួន ច្រើនលើកច្រើនសារមកហើយ តែម្ដាយឪពុកពុំប្ដឹងសមត្ថកិច្ចឲ្យអប់រំ ណែនាំនោះទេ ។ លុះមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២០ ជនសង្ស័យពុំដឹងជាផឹកស្រានៅកន្លែងណានោះទេ មានសភាពស្រវឹងជោគជាំ ហើយបានមកសុំលុយម្ដាយរបស់ខ្លួន តែម្ដាយគ្មានលុយឲ្យ ក៏ខឹង ស្ទុះទៅយកកាំបិតផ្គាក់អត់ដង ដេញកាប់ម្ដាយនិងឪពុកផ្អើលឆោឡោពេញផ្ទះ តែពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។
បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយប្រទាល ទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ ក៏ចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ