ខេត្តរតនគិរី៖ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្នទណ្ឌនៃស្នងការដ្ឋានខេត្តបានឃាត់ខ្លួនជាបន្តបន្ទាប់ ពីបទចោរកម្មបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
ជនសង្ស័យទីមួយ សមត្ថកិច្ចបានឃាត់ខ្លួនតាមពាក្យបណ្តឹងជនរងគ្រោះកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ មានករណីចោរកម្ម (លួចកាប់កូនគោ)មួយក្បាល នៅចំណុចចំការចន្ទី ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ។
សមត្ថកិច្ចក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅកន្លែងកើតហេតុខាងលើភ្លាមៗ កម្លាំងអធិការ និងកម្លាំងប៉ុស្ដិ៍បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យភ្លាមៗម្នាក់ ឈ្មោះ ធឿន ជា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតសាច់គោបានមួយចំនួនផងដែរ ។
ឯជនសង្ស័យទីពីរ សមត្ថកិច្ចបានឃាត់ខ្លួននៅវេលាម៉ោង ២០.០០នាទីថ្ងៃខែដដែលឈ្មោះ ឃាង ហាយ ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ វៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
សមត្ថកិច្ចឃាត់ខ្លួននេះ ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ)នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ហើយបានដកហូតម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ ។
ក្រោយឃាត់ជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចបានធ្វើកំណត់បញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕ ជីវ័ន្ត