ខេត្តពោធិ៍សាត់៖ រថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 1165 ផ្ទុកឈើពេញព្រាបចរាចរណ៍ចេញពីស្រុកវាលវែងយ៉ាងព្រហើន ខណៈដែលគេដឹងឈ្មួញម្នាក់នេះជាឆ្នាំងបាយដ៏ធំ របស់សមត្ថកិច្ចនៅតំបន់នោះ បានមកជាប់អន្ទាក់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ដើម្បីប្រគល់ទទួលជូនមន្រ្តីជំនាញរក្សាទុក រងចាំបន្តនីតិវិធី ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៤៥នាទី យប់ថ្ងៃអង្អារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថដែលចុះប្រត្តិបត្តិការប្រាប់ថា រថយន្ដ ១គ្រឿងដែលកម្លាំងស្ទាក់ឃាត់ចាប់ខាងលើ នៅគ្រាដែលកំពុងធ្វើសកម្មភាពចរាចរណ៍ ប៉ុន្តែឆ្ងល់ត្រង់ថានៅពេលកម្លាំងធ្វើការអ្នកបើកបរ និងព្រូហក់ចេញពីរថយន្តនាំគ្នារត់គេច ពេលឆែកឆេឃើញផ្ទុកឈើពេញរថយន្តបែបនេះ ជាប្រភេទឈើមូល(បង្គោលរបង)ចំនួន ៥៦ដើម ក្នុងនោះបង្កប់ឈើអារជ្រុង(សសរ) ប្រវែង៣,៥០ម៉ែត្រ ប្រភេទឈើលេខ១(សុក្រម)ចំនួន ៥៤ដើម ស្មើនឹងចំនួន ៤,២៥២ម៉ែត្រត្រីគុណ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថដដែលបន្តទៀតថា វត្ថុតាង៖ រថយន្ដ ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 1165 ផ្ទុកឈើមូល(បង្គោលរបង)ចំនួន ៥៦ដើម និងឈើអារជ្រុង(សសរ) សុក្រមចំនួន ៥៤ដើម ស្មើនឹងចំនួន ៤,២៥២ម៉ែត្រត្រីគុណ បានប្រគល់ទទួលជូនមន្រ្តីជំនាញផ្នែករដ្ឋបាលក្រគរ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធីជាក្រោយ ។
ប្រភពព័ត៌មានផ្សេងៗពីមហាជនលើកឡើងស្រឌៀងៗគ្នាថា រថយន្ដ ១គ្រឿងដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ធ្វើការបង្រ្កាបត្រួតពិនិត្យឃើញសុទ្ធតែឈើនេះ ជារបស់មេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះ ចែអូន ហើយរថយន្តរបស់មេឈ្មួញយ៉ាងសកម្ម.ឈ្មោះ ចែអូន នេះ គឺជាប្រភពឆ្នាំបាយរបស់សមត្តកិច្ចស្រុកវាលវែង និងស្រុកភ្នំក្រវាញ និងខេត្តពោធិ៍សាត់ ដោយគ្មាននណាម្នាក់ហ៊ាប៉ះ(ចែអូន)នេះបានទេ ព្រោះគាត់បានបិតភ្នែកអស់ហើយ ហើយរថយន្តគាត់មានចំនួន ២គ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើរាល់យប់ ចេញពីចំណុចតាំងយ៉ ស្រែពាំង និងដូននាគ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដូច្នេះរងចាំមើលចំណាត់ការរបស់សមត្តកិច្ចទាំងអស់គ្នា ៕ បុឹម ពិន