ហុងកុងប្រឈមនឹងវិបត្តិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីអង់គ្លេស សងកោះនេះ ទៅឲ្យចិន នៅឆ្នាំ១៩៩៧ ។ លោកZhang Xiaoming មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកតាមដានរាល់សកម្មភាព របស់កោះហុងកុងបានបញ្ជាក់ថា បាតុកម្មកើតឡើងនៅកោះហុងកុងរយៈពេលជាង ១០សប្តាហ៍កន្លងមកហើយនៅតែមិនទាន់មានសញ្ញាថយចុះនៅឡើយទេ ។ ទាំងនោះហើយអាចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ជូនកម្លាំងទាហាន ចូលទៅកាន់កោះហុងកុងរក្សាសណ្តាប់ធ្នាប់ ។
នៅពេលនេះចិនបានចេញព្រមានខ្លាំងៗទៅកាន់បាតុករហុងកុង ដោយនិយាយថា ការដែលពួកគេកំពុងតែប៉ុនប៉ង់នោះ គឺជាការប៉ុនប៉ងលេងជាមួយភ្លើង ហើយពួកគេនឹងទទួលរងនូវការរលាក តែប៉ុណ្ណោះ ។ នេះបើតាមការផ្សាយរបស់ប្រភពប៊ីស៊ីស៊ី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ។
អ្នកនាំពាក្យមួយរូបរបស់ការិយាល័យនយោបាយជាន់ខ្ពស់ចិន ប្រចាំនៅហុងកុង បានថ្លែងប្រាប់ក្រុមបាតុករថា មិនត្រូវមើលស្រាលចំពោះចំណាត់ការរឹងមាំរបស់រដ្ឋាភិបាលមជ្ឈិមឡើយ ។
អ្នកនាំពាក្យរូបនោះបានថ្លែងថា កម្លាំងប្រឆាំងចិន ជាអ្នកនៅពីក្រោយឆាក ជាមេគំនិត បង្កអំពើហិង្សានៅក្នុងទីក្រុងហុងកុងនេះ ។
បាតុកម្ម បានកើតឡើងនៅក្នុងទីក្រុងហុងកុង អូសបន្លាយមកដល់ពេលនេះ មានរយៈពេល៩សប្តាហ៍កន្លងមកហើយ ។ កាលពីថ្ងៃទី៥ ខែសីហា មេដឹកនាំហុងកុង លោកស្រី Carrie Lam បានព្រមានថា ទីក្រុងនេះ បាននិងកំពុងស្ថិតនៅក្នុងស្ថានការណ៍មួយប្រកបដោយគ្រោះថ្នាក់ ។ លោកស្រីបានថ្លែងថា ក្រុមសកម្មជនទាំងនោះបានប្រើប្រាស់ច្បាប់បត្យាប័នជាលេស ដើម្បីសម្រេចគោលបំណងពិតប្រាកដរបស់ពួកគេ ។
បាតុកម្មដំបូងគេរបស់ក្រុមបាតុករ គឺប្រឆាំងច្បាប់ស្តីអំពីបត្យាប័ន ។ មកទល់ពេលនេះ គ្មានសញ្ញាថមថយរបស់ក្រុមបាតុករ ពីការចេញបាតុកម្មនោះឡើយ បើទោះបីអូសបន្លាយពេលជិត២ខែទៅហើយក្តី ។ បាតុកម្មកាលពីថ្ងៃទី៥ ខែសីហា បណ្តាលឲ្យរាំងស្ទះប្រព័ន្ធចរាចរណ៍ដឹកជញ្ជូននៅក្នុងទីក្រុង រហូតបង្កឲ្យលុបចោលជើងហើរជាង២០០ជើងទៀតផង ។
បាតុករនាំគ្នាចេញដង្ហែក្បួននៅតាមសង្កាត់នានា ក្នុងទីក្រុងហុងកុង ដោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករទាំងនោះដែលបាតុកម្មរហូតដល់ពេលយប់ជ្រៅ ដុតឲ្យឆេះ និងដណ្តើមគ្រប់គ្រងស្ថានីយប៉ុស្តិ៍ប៉ូលិស ។ ប្រភពពីប៉ូលិសហុងកុងបញ្ជាក់ថា មនុស្សដែលបានចាប់ខ្លួនមានសរុប៤២០នាក់, បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើមនុស្ស១ពាន់នាក់ និងការបាញ់គ្រាប់កៅស៊ូផងដែរ ។
រហូតមកដល់ពេលនេះ កម្លាំងទាហានចិនបានបន្តនៅស្ងាត់ស្ងៀម ឆ្ងាយពីជម្លោះមួយនេះ ។ ប៉ុន្តែការិយាល័យនយោបាយជាន់ខ្ពស់របស់ចិននៅហុងកុងបានថ្កោលទោសក្រុមបាតុករ ហៅពួកបាតុករថា បានបង្កឲ្យមានឧប្បត្តិហេតុដ៏រន្ធត់កើតឡើង ប៉ះពាល់ខ្លាំងក្លាដល់នីតិរដ្ឋ ៕