រដូវភ្លៀងធ្លាក់ជោកជាំ បង្កើតឲ្យមានមូសខ្លា បង្កឲ្យមានជំងឺផ្សេងៗជាច្រើន គំរាមកំហែងដល់ អាយុជីវិត ពលរដ្ឋ ។ បច្ចុប្បន្នមានប្រទេសជាច្រើន កើតមានជំងឺគ្រុនឈាមរាលដាល ហើយនៅក្នុងមន្ទីរពេទ្យនិមួយៗស្ទើរតែគ្មានកន្លែងស្នាក់នៅព្យាបាល ។
ប្រទេសដែលមានជំងឺគ្រុនឈាមសម្លាប់មនុស្សច្រើនជាងគេបំផុតគឺ ប្រទេស ហ្វីលីពីន និង បង់ក្លាដេស ដែលមានអ្នកស្លាប់ ជិត ១ពាន់នាក់ហើយ។
នៅក្នុងប្រទេសហ្វីលីពីនស្លាប់កើនឡើងជាង៦០០នាក់ដោយគ្រុនឈាម ហើយ រដ្ឋាភិបាលហ្វីលីពីនប្រកាសអាសន្ន ទូទាំងប្រទេស។ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ បានប្រកាសដាក់ប្រទេស ស្ថិតក្នុងគ្រាមានអាសន្ន ដោយសារមានមនុស្សជាច្រើន បានកើតជំងឺគ្រុនឈាម និងបានបាត់បង់ជីវិតរាប់រយនាក់ ហើយជំងឺគ្រុនឈាមនេះដ៏កំពូងរីករាលដាល នៅទូទាំងប្រទេសនេះ ។
នាយកដ្ឋានសុខាភិបាលហ្វ៊ីលីពីន (DOH) បានបញ្ជាក់ថា បើគិតពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ជំងឺគ្រុនឈាមបានផ្ទុះឡើង ចំនួន ១៤៦ ០៦២ ករណី កើនឡើង ចំនួន៩៨ភាគរយ នៅក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ ជំងឺនេះ បានសម្លាប់មនុស្ស សរុប៦២២នាក់។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសុខាភិបាលហ៊្វីលីពីនមួយរូប បានថ្លែងនៅក្នុងសន្និសីទកាសែតថា ប្រទេសហ្វ៊ីលីពីន បានប្រកាសហាមប្រាមការចាក់វាក់សាំង Dengvaxia ជាលើកដំបូងបំផុត នៅក្នុងពិភពលោកផងដែរ។ រីឯការហាមប្រាមប្រើប្រាស់វាក់សាំងប្រភេទនេះ គឺកើតឡើង បន្ទាប់ពីកុមារជាច្រើននាក់ បានបាត់បង់ជីវិត ក្នុងចំណោមមនុស្សជាង ៧០០០០០នាក់ ខណៈចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ មានយុទ្ធនាការរបស់រដ្ឋាភិបាល បានចាក់វាក់សាំងនេះទៅលើពួកគេ។
រដ្ឋលេខាធិការសុខាភិបាលហ្វ៊ីលីពីន លោក Francisco Duque បានថ្លែងថា រដ្ឋាភិបាលកំពុងសិក្សាលើការអំពាវនាវមួយ ដោយអនុញ្ញាតឲ្យនាំវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថបារាំង Sanofi ចូលមកកាន់ទីផ្សារហ្វ៊ីលីពីនវិញ។ ប៉ុន្តែមន្រ្ដីជំនាញ នៃប្រទេសនេះ បានកំណត់ថា ការប្រើប្រាស់វ៉ាក់សាំងនេះ គឺសម្រាប់តែអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមដែលកំពុងតែរីករាលដាលនេះតែប៉ុណ្ណោះ ។
លោក Duque បានថ្លែងថា ថ្នាំវ៉ាក់សាំងនេះ មិនតម្រូវឲ្យប្រើប្រាស់ សម្រាប់កុមារមានអាយុ ចន្លោះពី៥ឆ្នាំដល់៩ឆ្នាំនោះទេ។ វ៉ាក់សាំងនេះ មានអាជ្ញាប័ណ្ណពីប្រទេសចំនួន២០ផងដែរ ហើយបើតាមអង្គការសុខភាពពិភពលោក ថ្នាំវាក់សាំងនេះអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់មនុស្សអាយុ៩ឆ្នាំ ឬលើសពីនេះ ។
លោក Duque បានថ្លែងថា ភ្នាក់ងារអង្គការសហប្រជាជាតិបានផ្តល់ដំបូន្មានដល់រដ្ឋាភិបាលទីក្រុងម៉ានីល ថា វ៉ាក់សាំងនេះ «មិនត្រូវបានណែនាំ» ប្រើប្រាស់សម្រាប់ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនឈាមនៅពេលនេះទេ ហើយវាក៏មិនមានតម្លៃធូរថ្លៃនោះដែរ ដោយមានតម្លៃប្រហែល២០ដុល្លារឯណោះ ។
យោងតាមអង្គការសុខភាពពិភពលោក ជំងឺគ្រុនឈាមបានឆ្លងរាលដាលជារៀងរាល់ឆ្នាំ នៅក្នុងពិភពលោក មានប្រមាណ៣៩០លាននាក់ នៅក្នុងចំណោប្រទេសជាង១២០ ។ ជំងឺនេះបានសម្លាប់មនុស្សជាង២៥ ០០០នាក់ ក្នុងចំណោមអ្នកដែលផ្ទុកជំងឺទាំងនោះ។
ហ្វ៊ីលីពីន កាលពីឆ្នាំ២០១៦ បានក្លាយជាប្រទេសដំបូងគេ ដែលប្រើប្រាស់វ៉ាក់សាំង Dengvaxia នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំមួយ។ ប៉ុន្តែវាក៏ចាប់ផ្តើមមានបញ្ហាចម្រូងចម្រាសកើតឡើង គឺ១ឆ្នាំក្រោយពេលក្រុមហ៊ុនឱសថបារាំង Sanofi បានបង្ហាញថា វ៉ាក់សាំង Dengvaxia នេះ អាចគ្រោះថ្នាក់ដល់មនុស្ស ដែលមិនមានផ្ទុកជំងឺគ្រុនឈាម។
ការបង្ហាញបែបនេះ បានធ្វើឲ្យមានភ័យស្លន់ស្លោ នៅទូទាំងប្រទេសហ្វ៊ីលីពីន តែម្តង ហើយឪពុកម្តាយខ្លះបានចោទប្រកាន់ថា វ៉ាក់សាំង Dengvaxia ជាអ្នកសម្លាប់កូនៗរបស់ពួកគេ។
បញ្ហាចម្រូងចម្រាសនេះ បាននាំឲ្យមានការភ័យខ្លាច ចំពោះការចាក់ថ្នាំវ៉ាំក់សាំងបង្ការ ដែលរដ្ឋាភិបាលហ្វ៊ីលីពីន បានថ្លែងថា នេះជាកត្តាមួយនៅពីក្រោយការឆ្លងជំងឺកញ្ជ្រឹលដ៏រាលដាល។ មូលនិធិកុមារអន្តរជាតិ បានថ្លែងថា វាបានសម្លាប់មនុស្សជាង២០០នាក់ ក្នុងឆ្នាំ២០១៩នេះ។
លោក Duque កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ បានអំពាវនាវភ្នាក់ងាររដ្ឋាភិបាលដទៃទៀត នៅតាមសាលារៀន, ការិយាល័យ និងសហគមន៍នានា ចាកចេញពីការិយាល័យ, ពីលំនៅឋាន, ពីបន្ទប់រៀននៅរៀងរាល់ពេលរសៀល ហើយចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ស្វែងរកវិធីកម្ចាត់ទីតាំង ឬជម្រករបស់សត្វមូសខ្លាឲ្យខាងតែបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវជំងឺគ្រុនឈាមនេះ។
ចំណែកនៅក្នុងប្រទេសបង់ក្លាដែលវិញ ជំងឺគ្រុនឈាម សម្លាប់មនុស្សកើន២៣នាក់។កាលពីថ្ងៃទី៦ ខែសីហា អគ្គនាយកសេវាកម្មសុខភាព(DGHS)របស់បង់ក្លាដែស បញ្ជាក់ថា នៅបង់ក្លាដែស គិតចាប់ពីខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មនុស្ស២៣នាក់សរុបបានស្លាប់ ដោយសារតែជំងឺគ្រុនឈាម ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិត មាន២ករណីកាលពីខែមេសា, ៣ករណីក្នុងខែមិថុនា, ១៥ករណីនៅក្នុងខែកក្កដា ហើយនៅក្នុងខែសីហានេះ មាន៣ករណីហើយ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម ។
តួលេខផ្តល់ជូនដោយអគ្គនាយកដ្ឋានសេវាកម្មសុខភាព ដែលស្ថិតក្រោមក្រសួងសុខាភិបាលបង់ក្លាដែសបញ្ជាក់ថា ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ករណីគ្រុនឈាមចំនួន១១,៤៥១ករណី ត្រូវបានរាយការណ៍ ហើយនេះ វាបានកើតឡើងបន្ទាប់ពីមនុស្សចំនួន ១៦,២៥៣នាក់ ផ្ទុកជំងឺគ្រុនឈាម ឆ្លងតាមរយៈមូសខ្លាខាំកាលពីខែកន្លងហើយ ។ ចំនួនអ្នកជំងឺគ្រុនឈាមនេះ គឺច្រើនជាងពេលណាៗទាំងអស់ប្រៀបធៀបបណ្តាឆ្នាំមុនៗ ។
កាលពីឆ្នាំ២០១៨ អ្នកជំងឺគ្រុនឈាមមានសរុប ១០,១៤៨នាក់ ក្នុងនោះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានចំនួន៩៤៦ករណី ។ ២៦នាក់បានស្លាប់ក្នុងចំណោមពួកគេទាំងនោះ ។
ទិន្នន័យរបស់DGHS ក៏បានបង្ហាញផងដែរថា ករណីជំងឺគ្រុនឈាមថ្មី រហូតដល់២,៣៤៨នាក់ ត្រូវបានរកឃើញ ហើយក្នុងនោះ ១,២៨៤ករណី កើតឡើងនៅទីក្រុង Dhaka អំឡុងពេលតែ២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ។
ករណីជំងឺគ្រុនឈាមចាប់តាំងពីខែមករា រហូតមកដល់ពេលនេះ នៅបង់ក្លាដែសបានកើនឡើងរហូតដល់២៩,៩១២ករណីហើយ មិនមានសញ្ញាថយចុះនោះទេ ។
វិធានការប្រឆាំងស្ថានការណ៍នេះ អាជ្ញាធរសុខាភិបាលបង់ក្លាដែសបានពង្រឹងវិធានការផ្សេងៗ ត្រួតពិនិត្យ កម្ចាត់ការបង្កាត់ពូជរបស់សត្វមូស និងប្រតិបត្តិការប្រឆាំងសត្វសង្កូវទឹកឲ្យអស់ ៕