ព័ត៌មានទាន់ហេតុការណ៍៖

ប្តីហេងស៊យ រស់នៅជាមួយគ្នាមានកូន៣ខែ រត់ចោលបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់កើតទុក្ខមិនសុខចិត្ត ដឹកដៃកូនស្រីម្នាក់ថែមទាំងកូនក្នុងផ្ទៃ៣ខែទៀត ធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលកាកាប១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ឲ្យជួយអន្តរាគមន៍ ខណៈជួបប្តីហេងស៊យជាលើកទី៣ តែមិនសមបំណងបោកប្រាស់ខ្លួនប្រាណហើយរត់ចោលបាត់អស់ ។

ស្ត្រីខាងលើ មានឈ្មោះ ស្រឿន ចាន់ធី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិគោកចំបក់២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

តាមការរៀបរាប់ស្ត្រីខាងលើ បានឲ្យដឹងថា គាត់ដើមឡើយ បម្រើការងារនៅហាងខារ៉ាអូខេ ជួបស្នេហ៍ ជួបបុរសម្នាក់ បានសុំស្នេហ៍ ស្រឡាញ់ រហូតបានកូនស្រីម្នាក់ ហើយរត់គេចខ្លួនបាត់ មកដល់មានស្នេហ៍លើកទី២ បានកូនស្រីម្នាក់ទៀត ស្រាប់តែរត់គេចទៅបាត់ ។ ស្ត្រីដដែលបន្តទៀតថា ក្រោយពីបែកបាក់បាត់ប្តី២ទៅហើយ មានអារម្មណ៍មួយ គិតថា រាងចាល សម្រេចចិត្តឈប់បម្រើការងារហាងខារ៉ាអូខេទៀតហើយ ទៅចាប់យកមុខរបរថ្មី ជាកម្មការិនីរោងចក្រវិញម្តង ស្រាប់តែជួបជាមួយបុរសម្នាក់ ឈ្មោះ សុខ សុភី ហៅ ចំរើន អាយុជាង៣០ឆ្នាំ ជាសន្តិសុខ និងជា អ្នករត់ម៉ូតូកង់បីផងដែរ មកសុំស្នេហ៍ សុំស្រឡាញ់ គ្រាដែលនាង ជិះម៉ូតូកង់បីដាក់ខែ តែត្រូវមន្តស្នេហ៍ ជិះលែងយកលុយ ក្នុងដំណើរទៅធ្វើការរោងចក្រ រាល់ថ្ងៃ អស់រយៈពេល៤ខែកន្លងមកហើយ ហើយក្រោយពី បុរសឈ្មោះ សុខ សុភី សុំស្នេហា នាងក៏គិតឃើញថា ខ្លាចស្នេហ៍បោកប្រាស់ ដូច ប្តី២នាក់លើកមុន ក៏ប៉ុន្តែ ភាគីខាងប្រុស លើកឡើងគួរឲ្យទុកចិត្ត «បងជាបុរសពោះម៉ាយ» រត់ម៉ូតូកង់បីផង ការងារសន្តិសុខផង ទោះជាអូនមានកូន២ ក៏បងចិញ្ចឹមរស់ដែរ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយមកនេះ គ្រាន់តែដឹងថា មានផ្ទៃពោះ ៣ខែ ស្រាប់តែ លោកប្តីទី៣ វាយ ប្រើហិង្សា បង្ខំឲ្យយកកូនក្នុងផ្ទៃចេញ តែនាងមិនព្រម លោកប្តីហេងស៊យ ប្រមូល លួចបានទូរស័ព្ទ លុយកាក់ វេចខោអាវ រត់គេចបាត់ ទើបធ្វើឲ្យខឹងចិត្ត លោកប្តី៣ សម្តីផ្អែម បានត្រឹមកូន១ ទុកឲ្យនាងកើតទុក្ខព្រួយ អស់រលីងភាពផ្អែម ក្លាយជាទឹកខ្មេះ នាំគ្នារត់គេច ៣លើកដូចតែគ្នា ។

គ្រាដែលកើតហេតុនៅក្នុងសង្កាត់ចោមចៅ១ តែវត្តមាន ស្ត្រីខាងលើ មករកប្តឹងឲ្យប៉ូលិសជួយនៅ ប៉ុស្តិ៍កាកាប១ទៅវិញ ទើបអាជ្ញាធរ សមត្ថកិច្ច ប្រាប់ណែនាំឲឲ្យទៅ សាកសួរ ពិគ្រោះយោបល់ ឬប្តឹងនៅ សង្កាត់ចោមចៅ១វិញ ៕ សុខាសែនជ័យ​


ចែករំលែក៖