ការបាញ់មីស៊ីល ៤លើកកន្លងមករបស់កូរ៉េខាងជើង មិនបានធ្វើឲ្យអាមេរិកខឹង ឬថ្កោលទោស ប្រទេសនេះឡើយ មិនតែប៉ុណ្ណោះ ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា ការបាញ់មីស៊ីលរយៈចម្ងាយខ្លី គឺជារឿងធម្មតា មិនបានគំរាមកំហែងដល់អាមេរិក ឬ ប៉ះពាល់ដល់ទំនាក់ទំនង ប្រទេសទាំងពីរនោះឡើយ ។
ប៉ុន្តែ ក្រោយអាមេរិកមិនមានប្រតិកម្មសោះ កូរ៉េខាងជើង អះអាងថា ការបាញ់មីស៊ីលនោះ គឺជាការព្រមានដល់អាមេរិក និងកូរ៉េខាងត្បូង ។ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ មេដឹកនាំគីម ជុងអ៊ុន បានត្រួតពិនិត្យ ដោយផ្ទាល់ចំពោះការបាញ់គ្រាប់ពិតដែលទើបនឹងអភិវឌ្ឍថ្មី គឺប្រព័ន្ធមីស៊ីលបាល្លីស្ទិក រយៈចម្ងាយខ្លី ហើយនេះក៏ជាការសាកល្បងមួយ ដើម្បីជាសារព្រមានផ្ញើទៅកាន់អាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងធ្វើសមយុទ្ធយោធារួមគ្នា ។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មីស៊ីល២គ្រាប់ បានបាញ់ចេញពីទីតាំងទ័ពអាកាសភាគខាងលិច ហោះឆ្លងកាត់ប្រទេសទៅកាន់តំបន់ជុំវិញរដ្ឋធានីព្យុងយ៉ាង មុនពេលវាទៅដល់គោលដៅ ដែលបានកំណត់ជាក់លាក់ នៅដែនកោះមួយ ស្ថិតក្នុងឈូងសមុទ្រ ភាគខាងកើត ។
ការបាញ់សាកល្បងមីស៊ីលលើកទី៤នេះ បានកើតឡើង នៅក្នុងអំឡុងពេល២សប្តាហ៍កន្លងមកនេះ ចំពេលស្ថានការណ៍កំពុងជាប់គាំង នៅក្នុងកិច្ចពិភាក្សា ស្ដីពីអាវុធបរមាណូ និងក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានច្រានចោលម្តងជាពីរដងថា មីស៊ីលនោះ មិនមែនជាការគំរាមកំហែងដល់ទឹកដីអាមេរិកនោះឡើយ ។ មីស៊ីលដែលកូរ៉េខាងជើង បាញ់សាកល្បងនេះ មានសមត្ថភាពវាយប្រហារដល់កូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងបន្ទាយយោធារបស់អាមេរិក ដែលកំពុងស្ថិតនៅទីនោះផងដែរ ។
អ្នកជំនាញបានលើកឡើងថា ការដែលលោកត្រាំ សម្តែងការមិនកង្វល់ ចំពោះកូរ៉េខាងជើងបាញ់មីស៊ីលថ្មីៗនេះ ក៏ទំនងប្រហែលជា ដើម្បីទុកឱកាសឲ្យប្រទេសនេះ ពង្រឹងសមត្ថភាព និងទម្ងន់កាន់តែធ្ងន់ នៅមុនពេលកិច្ចពិភាក្សាជាមួយគ្នា កើតឡើង នៅពេលខាងមុខ គឺក្នុងខែក្រោយនេះ បន្ទាប់ពីបញ្ចប់ការសមយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង ។
លោក Lee Sang-min អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានថ្លែងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលថ្មីៗនេះ មិនបានជួយដល់កិច្ចខិតខំប្រឹងប្រែង ដើម្បី ស្ថិរភាព និងសន្តិភាពនោះឡើយ ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលបានចុះហត្ថលេខា កាលពីឆ្នាំមុន ដើម្បីបង្កើតគណៈកម្មការយោធារួមគ្នាមួយពិភាក្សាពីគោលដៅកាត់បន្ថយស្ថានការណ៍តានតឹង ដោយយោធាវិញ វាប្រសើរជាង៕