ខេត្តកំពង់ឆ្នាំង៖ វេជ្ជបណ្ឌិតម្នាក់ឈ្មោះ ហេងសេងហ៊រ បម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីប៉ុនប៉ងធ្វើសកម្មភាពរំលោភ ទៅលើអ្នកគ្រូពេទ្យម្នាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនោះ ពេលនេះត្រូវបានគេបង្ហើបអោយដឹងថា ត្រូវបានតុលាការដោះលែងអោយនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ រ តាំងពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ មកម្ល៉េះ។
គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ហេង សេងហ៊ ត្រូវនគរបាលខេត្តកំពង់ឆ្នាំង តាមចាប់ខ្លួនសួរនាំ និង បានបញ្ជូនទៅតុលាកា បន្ទាប់អ្នកគ្រូពេទ្យម្នាក់បានដាក់ពាក្យប្តឹង ណក្នុងករណីប៉ុនប៉ងចាប់រំលោភអ្នកខ្លួន នៅក្នុងបន្ទប់ទឹក នៃមន្ទីរពេទ្យបង្អែកខេត្ត កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយតុលាអនុវត្តតាមនីតិវិធី បានធ្វើការឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ឆ្នាំង ។ ក្រោយពីធ្វើការឃុំខ្លួននៅពន្ធនាគារអស់រយៈពេលខ្លី ស្រាប់តែគេឃើញជនសង្ស័យត្រូវបានដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
គួររំឮកដែរថា កាលពីយប់ថ្ងៃកើតហេតុ នារីរងគ្រោះ បានដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែត្រូវលោកវេជ្ជបណ្ឌិត ចូលទៅតាមក្រោយ ហើយចាប់ឱបនាងពីក្រោយ ប៉ុនប៉ងរំលោភ ប៉ុន្តែនាងរងគ្រោះរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាង នៅក្នុងមន្ទីរពេទ្យ។ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បន្តដេញតាមនាងរហូតទៅដល់បន្ទប់គេងទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញពីបន្ទប់ដេក ទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។
លោកវេជ្ជបណ្ឌិត ហេង សេងហ៊រ ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ទង្វើបស់លោកវេជ្ជបណ្ឌិតរូបនេះ បានធ្វើឲ្យប៉ះពាល់ក្រមសីលធម៌ វិជ្ជាជីវ: ដល់ភាពថ្លៃថ្នូរ គ្រូពេទ្យដទៃទៀត នៅក្នុងប្រទេសដែលខិតខំបម្រើប្រជាពលរដ្ឋ និងសង្គម ប្រកបដោយភាពថ្លៃថ្នូរ ៕ ចន្ថា