ភ្នំពេញ៖ប៉ុន្មានថ្ងៃមកនេះ គេឃើញមានការផ្សព្វផ្សាយ និងចែករំលែកក្នុងបណ្ដាញសង្គមហ្វេសប៊ុកនូវព័ត៌មានមួយអំពីតម្លៃទឹកមាត់ខ្យងសោក(ខ្យងមាស)ដែលប្រភពទាំងនោះអះអាងថា មានតម្លៃថ្លៃជាងមាសក្នុងមួយគីឡូក្រាមទៅទៀត។
ព័ត៌មានដែលចាត់ទុកជាការបំផ្លើសនេះត្រូវបានលោក ហ៊ាន វណ្ណហន បានចាត់ទុកថាព័ត៌មាននេះអាចជាចេតនា និងសក្ដានុពលបង្កហានិភ័យដ៏ខ្ពស់ក្នុងការបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងមានកំណើនគួរជាទីមោទនៈ។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់បណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបន្ថែមថា តាមពិតរឿងនេះដូចគ្នាទៅនឹងរឿងនៃការបំផុសឲ្យប្រជាពលរដ្ឋនាំគ្នាចិញ្ចឹមខ្យងមាស ឬខ្យងស៊ីស្រូវ (Golden Apple Snail) នៅកម្ពុជាកាលពីដើមទសវត្សឆ្នាំ៩០ ដែលជាលទ្ធផលមកដល់ថ្ងៃនេះ។ ខ្យងមាសដែលមិនដែលមាននៅក្នុងប្រទេសកម្ពុជាសោះ បែរជាមានវត្តមានពេញប្រទេស និងបំផ្លាញដំណាំស្រូវជារៀងរាល់ឆ្នាំ ។
លោកបានរម្លឹកថា ខ្យងសោក (Giant African Snail) មាននៅកម្ពុជាស្រាប់រួចហើយនាពេលនេះ ដែលកាលពីជាង១០ឆ្នាំមុន រដ្ឋាភិបាលអូស្ត្រាលីធ្លាប់បានព្រមានយើង បន្ទាប់ពីទំនិញកម្ពុជានាំចូលទៅអូស្ត្រាលី ត្រូវបានត្រួតពិនិត្យឃើញមានខ្យងសោក១ក្បាល ជាប់ពួននៅបាតកុងតឺន័រទំនិញ។ ហេតុនេះសូមជួយស៊ែរបន្ត និងចូលរួមទប់ស្កាត់ការចិញ្ចឹមខ្យងសោក ដើម្បីយកទឹកមាត់ ដែលជាសកម្មភាពដ៏មានហានិភ័យជំរុញដល់ការខូចខាតផលិតកម្មកសិកម្ម និងដល់វិស័យនាំចេញរបស់កម្ពុជា។
គួរបញ្ជាក់ថា ប្រភពព័ត៌មានថាទឹកមាត់ខ្យងសោកមានតម្លៃថ្លៃជាងមាសមួយគីឡូក្រាម គឺចេញពីប្រទេសថៃ ដែលសារព័ត៌មានក្នុងស្រុកថៃផ្សាយថា មានកសិករចិញ្ចឹមខ្យងនេះជាច្រើនសម្រាប់នាំចេញទៅលក់នៅសហរដ្ឋអាមេរិក និងកូរ៉េជាដើមសម្រាប់បម្រើឲ្យផ្នែកថែរក្សាសម្រស់។ តាមព័ត៌មានដដែលអះអាងថា មានកសិដ្ឋានចិញ្ចឹមខ្យងសោកប្រមាណ ៨៥កន្លែង នៅខេត្តណាក់ខន ណាយុគ។ ឯតម្លៃទឹកមាត់ខ្យងដែលគេចម្រាញ់ជាផ្សៅស្ងួតដើម្បីលក់ឲ្យទៅក្រុមហ៊ុនគ្រឿងសម្អាងកូរ៉េ និងអាមេរិកក្នុង១គីឡូក្រាមតម្លៃដល់ទៅ ៥៨ ២០០ដុល្លារ ខណៈមាសនៅក្នុងទីផ្សារប្រទេសថៃមានតម្លៃតែ ៤៦ ៣០០ដុល្លារ ក្នុង១គីឡូប៉ុណ្ណោះ ។ យ៉ាងណាព័ត៌មាននេះគេនៅមិនទាន់ឃើញក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា ប្រកាសជូនដំណឹង ឬច្រានចោលព័ត៌មាននេះថាពិតឬមិនពិតនៅឡើយទេ ក្រៅពីនាំគ្នានិយាយថា ជាព័ត៌មាន បង្កហានិភ័យដ៏ខ្ពស់ក្នុងការបំផ្លាញសេដ្ឋកិច្ចកម្ពុជានោះ ៕ ប្រាថ្នា