ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមិនស្គាល់អត្តសញ្ញាណ ដើរឆ្លងផ្លូវត្រូវរថយន្តស៊ីទែនដឹកហ្គាសបុកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានធ្លាយខួរស្លាប់ភ្លាមៗ ខណៈដើរឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងប្រើប្រាស់ល្បឿនលឿន ខ្វះប្រុងប្រយត្ន័បុកពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៩យប់ ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានស្ត្រីម្នាក់ អាយុប្រមាណជា៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានដើរថ្មើជើងឆ្លងផ្លូវពីត្បូងទៅជើង ខណៈនោះស្រាប់តែមានរថយន្តស៊ីទែនដឹកហ្គាសមួយគ្រឿងម៉ាក HOWO A៧ ពណ៌ខៀវ ពាក់ស្លាកលេខ ៦១C-១៧៤.៩៣ បើកបដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិចច្រាស់គ្នាលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយត្ន័ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តឃើញ សភាពមិនស្រួល ក៏បានរត់គេចខ្លួន បន្សល់រថយន្ត និងជនរងគ្រោះនៅនឹងកន្លែង ។

បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត។​

ចំណែកសាកសពត្រូវបានសមត្ថកិច្ចលើកយក មកដំកល់ទុកនៅវត្តពោធិថ្មី (វត្តបាវិត) ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖