ខេត្តសៀមរាប៖ ពិតជាភ្ញាក់ផ្អើលអមដោយក្តីនឹករលឹកទៅកាន់តារាសម្តែង ស្រី សារ៉ាយ សក្កណា ក្រោយពីគេបានឃើញនាងនិងស្វាមីវិលមកមាតុភូមិ អមដោយការដំណើរកម្សាន្ត និងថតរូបថតបែបបុរាណខ្មែរថែវប្បធម៍ជាព្រះបាទជ័យវរ្ម័នទី៧ នឹងព្រះនាង ឥន្ទ្រទេវី នៅលើទឹកដីអច្ឆរិយៈអង្គរយ៉ាងស្រស់ស្អាតនិងពិតជាអស្ចារ្យខ្លាំងណាស់ ។
តាមការបញ្ជាក់ពីអ្នកជិតដិតបានលើកឡើងថា សារ៉ាយ សក្កណា មកកម្ពុជាលើកនេះដើម្បីបើកដំណើរការមុខជំនួញថ្មីមួយបន្ថែមលើជំនួញហាងកែសម្រស់ដែលមានស្រាប់នៅតំបន់ទួលគោក ។ ក្រៅពីនេះនឹងឆ្លៀតមកសួរសុខទុក្ខសាច់ញាតិ និងដំណើរកម្សាន្តក្នុងស្រុក រួមទាំងឆ្លៀតពេលខ្លះថតការងារសិល្បៈផងដែរ ។ អ្វីដែលពិសេសនាងបាននាំស្វាមីទៅទស្សនាតំបន់ប្រាសាទបុរាណខ្មែរអមដោយការថតរូបដ៏គួរឲ្យទាក់ទាញ និងទុកជាអនុស្សាវរីយ៍នោះគឺថតរូបថតបែបបុរាណខ្មែរថែវប្បធម៍ជាព្រះបាទជ័យវរ្ម័នទី៧ នឹងព្រះនាង ឥន្ទ្រទេវី នៅលើទឹកដីអច្ឆរិយៈអង្គរ ។ ទោះឆ្ងាយពីសិល្បៈទៅរស់នៅសហរដ្ឋអាមេរិក និងមានកូនស្រីជាទីស្រលាញ់ក្តីក៏តារាស្រីរូបនេះចេញចូលស្រុកកំណើតញឹកញាប់ និងឆ្លៀតពេលសម្តែងសិល្បៈបំពេញអារម្មណ៍ទស្សនិកជនផងដែរ ។
គួររំលឹកដែរថា តារាសម្តែង សារ៉ាយ សក្កណាបានរៀបការជាមួយមេធាវីមកពីសហរដ្ឋអាមេរិក លោក ប៊ុន មេត្រី កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៣ និងបានចេញទៅរស់នៅជាមួយស្វាមីកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៤ ។ នាងបានក្លាយជាសិល្បករល្បីឈ្មោះម្នាក់ចាកចេញពីសិល្បៈទៅរស់នៅបរទេសជាមួយស្វាមីទាំងនៅមានឈ្មោះល្បីដូចគ្នានឹងតារាសម្តែង ដាញ់ ម៉ូនីកា វ៉េត រតនាដែរ ៕ វឌ្ឍនា