ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត កូរ៉ូឡា ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវខ្ទេចអស់ផ្នែកខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត កូរ៉ូឡា ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងធ្វើឲ្យរបាំងថ្មបាក់អស់មួយកង់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត កូរ៉ូឡា មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-3014 ធ្វើដំណើរតាមផ្លូវ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចក្បាលនាគអស់មួយកង់ ចំណែករថយន្តរួញមួយកំណាត់មុខ និងផ្ទុះពោង ទៅមុខលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅខាងជំនាញចរាចរណ៍មកវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖