ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជើងម្ចាស់សន្លប់ឈឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តកូរ៉ូឡា ធ្វើដំណើរក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាង ចំណែកម្ចាស់រថយន្តរបួសសន្លប់ស្តូកស្តឹង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៧ ខែសីហា​ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសម្នាក់បើករថយន្តម៉ាក​កូរ៉ូឡា ពណ៌ស្ករ​ ពាក់ស្លាកលេខ ភ្នំពេញ 2O 2948 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនកែងនឹងផ្លូវ១៩៣បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលក្បាលនាគពុះចែកទ្រូងផ្លូវវៀចបន្តិចចំណែករថយន្តក្រឡាប់ផ្ងាជើងច្រងាង ដោយឡែកម្ចាស់រថយន្តរងរបួសសន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុ ម្ចាស់រថយន្តត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖