ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសុីណា បើកបុក និងគូរថយន្តកាំម៉ារីបាឡែនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់តាក់សុីស្រវឹងស្រា បើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកគូទរថយន្តកាំម៉ារីបាឡែន ដែលបត់ឆ្លងផ្លូវចូលផ្ទះបណ្តាលឲ្យរងការខូចខាតខ្ទេចទាំងសងខាងយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុច ក្បែរស្ថានីយ៍ទូរទស្សន៍CTNស្ថិតនៅក្នុងសង្កាត់ ឫស្សីកែវខណ្ឌឫស្សីកែវ ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកកាំម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-9748 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុ បានសុីញ្ញូបត់ឆ្វេងត្រឡប់ក្រោយ ដើម្បីចូលទៅក្នុងផ្ទះរបស់គាត់ ពេលបើកឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀតម៉ាកសុីណា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AY-5485 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងបើកក្នុងល្បឿនយ៉ាងលឿនដោយម្ចាស់រថយន្តគាត់ស្រវឹងស្រាមិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកគូទរថយន្តកាំម៉ារីបាឡែនចំពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងស្តាំ និងកំពិតទ្វារខាងឆ្វេងមុខ និងក្រោយចំណែកឯរថយន្តបង្កវិញបើកបានប្រហែលជា១០០ម៉ែត្រ ដោយសារតែរថយន្តខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខទើបទៅមុខលែងរួច ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តបង្ក និងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចធ្ចើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖