ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូ និងម៉ូតូបើកបញ្ច្រាសទិសគ្នាបណ្ដាលឲ្យមនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងព្រះសង្ឃ២អង្គទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងកើត កន្លែងឆែកសំបុត្រផ្លូវទៅស្រះស្រង់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូទី១ ម៉ាកសង់សេ១២៥ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១CE:៧៧៨៤ បើកបរដោយឈ្មោះ នី យ៉ែង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ទិសដៅពីកើតទៅលិច(ស្លាប់) រួមដំណើរដោយព្រះសង្ឃ២អង្គ ១/ភិក្ខុ ហ៊ន យុក ព្រះជន្ម ២២វស្សា ស្រុកកំណើត ខេត្តតាកែវ(របួសធ្ងន់) ២/ សាមណេ ម៉េង ចិន្ដា ព្រះជន្ម១៥ វស្សា ស្រុកកំណើតនៅខេត្តកំពង់ធំ (របួសធ្ងន់ធ្ង) ។ ព្រះសង្ឃទាំងពីរអង្គគង់នៅវត្ត បន្ទាយក្ដី ស្ថិតក្នុងភូមិស្រង់ត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ចំណែកភាគីម្ខាងទៀតម៉ូតូទី២ ម៉ាក zoomer x ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ សៀមរាប ១z:៧២៤២ បើកបរដោយជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ០២នាក់ ទិសដៅពីលិចទៅកើត (ស្លាប់ទាំងពីរនាក់) ។ ក្រោយកើតហេតុ សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ ត្រូវដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្តសៀមរាប ។ ដោយឡែក-សាកសពម្នាក់ទៀតត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ ។
ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលចរាចរណ៍ ដឹកយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាជាក្រោយ៕ ប៊ុនរិទ្ធី