ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តរតនគិរីប្រកាសអាសន្ន និងជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកលំផាត់ និស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានសេចក្តីជូនដំណឹងដល់សាធារណជន គិតត្រឹមថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ជំនន់ទន្លេស្រែពក បានឡើងលើសកម្រិតប្រកាសអាសន្ន បណ្តាលឲ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ដីស្រែ ចម្ការ នៅស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងផ្លូវជាតិលេខ៧៦ ឆ្ពោះទៅខេត្តមណ្ឌលគិរី ត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ បានកាត់ផ្តាច់មិនអាចធ្វើដំណើរឆ្លងកាត់បាន ។ ក្នុងនោះបង្កផលប៉ះពាល់ជាក់ស្តែងប្រជាពលរដ្ឋចំនួន៦ឃុំ ។

បច្ចុប្បន្នអាជ្ញាធរខេត្ត ស្រុក ដឹកនាំដោយលោក ថង សាវុន អភិបាលខេត្ត កំពុងអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។

នៅរសៀល ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ដែលទឹកកំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពនេះផងដែរ លោកអភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត បានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋកើតឡើង ។

លោកក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឲ្យបានត្រឹមត្រូវ ។

ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖