ភ្នំពេញ៖ មិនទាន់លេចចេញគម្រោងចូលរោងការក្តីក៏ចំណងស្នេហ៍ខុសជំនាន់រវាងតារាសម្តែង សុខ សោម៉ាវត្តិ និងកីឡាករបាល់ទាត់ លី វ៉ាហេទហាក់ធ្វើឲ្យគេមានក្តីសុខជំនួស ពិសេសគឺក្រោយពីអ្នកទាំងពីរដឹកដៃគ្នាចេញថតឈុតមង្គលការឲ្យសម្អាងការមួយរួចមក។
ស្នេហាខុសវ័យរបស់អ្នកមេម៉ាយ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់កំលោះស្រស់សង្ហារ លី វ៉ាហេទ ហាក់ផ្អែមល្ហែមខ្លាំងជាងគូស្នេហ៍សិល្បករមួយចំនួន។ អ្នកទាំងពីរ បានចំណាយពេលវេលាកាន់តែច្រើនសាងភាពផ្អែមល្ហែមរួមគ្នានៅតំបន់កម្សាន្តនានាឥតដាច់។ ពិសេសក្នុងថ្ងៃខួបកំណើតរបស់តារាបាល់ទាត់ លី វ៉ាហេទ ពួកគេបានទម្លាយរូបថត និងសារដ៏មានអត្ថន័យជ្រាលជ្រៅនិងបញ្ជាក់ពីចំណងស្នេហ៍កាន់តែរឹងមាំ និងចាស់ទុំជាងមុន។កាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តគឺក្រោយពីពួកគេបានលេចមុខថតឈុតប្រពៃណីក្នុងពិធីមង្គលការរួមគ្នាដែលធ្វើឲ្យមានការជូនពរពួកគេឆាប់បានចូលរោងការ។ ក្នុងសម្លៀកបំពាក់មង្គលការយ៉ាងប្រណីតនេះត្រូវបានគេដឹងថារៀបចំដោយបុទុមសិរីសម្អាងការ និងត្រូវបានរៀបចំតុបតែងខ្លួនដោយអ្នកជំនាញផាត់មុខដ៏ល្បីលោក Love Vy។ ការដឹកដៃគ្នាថតឈុតសម្អាងការនេះក៏ក្រោយពេលដែលពួកគេទើបនឹងបញ្ចប់ការសម្តែងរួមគ្នាអំពីជីវិតស្នេហារបស់ពួកគេក្នុងបទចម្រៀងរបស់ផលិតកម្មថោន គឺបទ”អរគុណដែលទុកអូនជាមនុស្សសំខាន់”។
អ្នកទាំងពីរនៅមិនទាន់បង្ហើបពីគម្រោងចូលរោងការជាផ្លូវការនៅឡើយ ប៉ុន្តែចំណងស្នេហ៍របស់ពួកគេកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យគេច្រណែនមិនតិចដែរ។
គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាងតារាសម្តែង សុខ សោម៉ាវត្តី និងតារាបាល់ទាត់លីវ៉ាហេទ កើតមានឡើងក្រោយពីចំណងស្នេហ៍សុខ សោម៉ាវត្តី និងអតីតស្វាមីកូនមន្ត្រីប៉ូលីសបានចែកផ្លូវគ្នាបន្សល់ទុកកូនស្រីម្នាក់។ ពួកគេចាប់ផ្តើមចាប់ចិត្តស្រលាញ់គ្នាក្រោយបានរួមគ្នាថតភាពយន្តខ្នាតធំរឿង”ខូចចិត្តអាជីព” របស់ផលិតកម្មរ៉ុក ។ ស្នេហានេះក៏បានបញ្ចប់ពាក្យរិះគន់ និងលើកឡើងរបស់មនុស្សមួយចំនួនដែលនិយាយថានេះជាស្នេហាភ្លើងចំបើងមិនមែនជាស្នេហាដែលស្រលាញ់គ្នាពិតប្រាកដនោះឡើយ៕ វឌ្ឍនា