ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជនឆបោក និងក្លែងឯកសារលក់ដីម្នាក់ បណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រកមុខឃើញហើយ! អយ្យការអមសាលាដំបូងខេត្តកំពង់ធំឃុំខ្លួនជនឆបោក និងក្លែងឯកសារលក់ដីម្នាក់ឈ្មោះមោក មឿន ហៅ ហេងនិមល អាយុ៤៥ឆ្នាំ ដាក់ពន្ធនាគារខេត្តកំពង់ធំបណ្ដោះអាសន្ន ក្រោយពីមានពាក្យបន្ដឹងពីជនរងគ្រោះ រហូតដល់វេលាម៉ោង៩និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានដឹកនាំ កម្លាំងកងរាជអាវុធហត្ថចុះឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើរស់នៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យបានបញ្ជូន ទៅសួរនាំនៅទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើឡើងទៅតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឃុត សៀង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្រម៉ ឃុំទីពោធិ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយចោទពីបទប្រើលិខិតក្លែង និងឆបោកដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិស្រែស្រម៉ ឃុំទីពោធិ ស្រុកសន្ទុក ទៅលើដីមានទំហំទទឹង៧.៥ហិកតា និងមានបណ្ដោយដី៧,៥ហិចតា ហើយលក់ក្នុងតំលៃ១ហិកតា២២០០ដុល្លារ បើតាមការសួរនាំរបស់កម្លាំងជំនាញអាវុធហត្ថអស់រយៈពេលជាច្រើនម៉ោងទើបជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តក្លែងឯកសារប្រាកដមែន ។

បើតាមលោក ផុន សុផល បានឲ្យដឹងបន្ថែមថាជនសង្ស័យបានប្រើមេដៃក្លែងបើតាមប្រជាពលរដ្ឋមាត់ចាបមាត់ព្រាបបានលើកឡើងថាពួកគាត់ចេះតែឆ្ងល់ថាហេតុអីបានបុគ្គលឈ្មោះ មោកមឿន ហៅ ហេងនិមលនេះមានលឿនម្លេះក្រោយសមត្ថកិច្ចចុះមកនាំខ្លួនទើបពួកគាត់ដឹងថាមុខរបរកស៊ីឆបោក និងក្លែងឯកសារចឹងសោះ បានមានលឿនហើយបើតាមប្រភពមួយទៀតបាននិយាយថាឈ្មោះមោកមឿន ជាជនសង្ស័យមានបងធម៌ជាសមត្ថកិច្ចកាងនៅពីក្រោយខ្នង ទើបបានហ៊ានរកស៊ីដោយមិនខ្លាចច្បាប់។

ក្រោយការសួរនាំចប់នៅថ្ងៃទី១០ ខែសីហា នៅទីបញ្ជារការកងរាជអាវុធហត្ថខេត្ត រួចបានបញ្ជូនជនសង្ស័យបន្តទៅកាន់តុលាការខេត្ត និងបញ្ជូនបន្តទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ៕ ប៊ុនរិទ្ធី


ចែករំលែក៖