ខេត្តរតនគិរី៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលជិះទូកម្នាក់ឯង ក្នុងពេលទឹកកំពុងហក់ឡើងខ្លាំង និងហូរកួចលិចបាត់ តាំងពីព្រឹករហូតដល់ល្ងាច ទើបរកឃើញសាកសព ។
ហេតុការណ៍ក្មេងស្រីជិះទូកលិចលង់ស្លាប់នោះ បានកើតឡើងនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃសុក្រ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅទឹកទន្លេស្រែពក ស្ថិកក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីជា ជនរងគ្រោះឈ្មោះ រ៉ា រចនា អាយុ១៥ឆ្នាំ ជនជាតិខ្មែរជាសិស្ស មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពបន្តថា ក្មេងស្រីជិះទូកម្នាក់ឯងហើយត្រូវទឹកកួចលិចនៅវេលាថ្ងៃត្រង់ រហូតដល់វេលារសៀលម៉ោង២ ក្នុងថ្ងៃដដែលនោះ ទើបសមត្ថកិច្ចរកឃើញគឺសាកសពគៀបជាប់នៅក្រោមទូកទើរនៅនឹងថ្មក្រោមទឹកនៅក្បែរកន្លែងកើតុនោះដដែល ។
ក្រោយរកឃើញសាកសពសមត្ថកិច្ចក៏បានប្រគល់ឱ្យឪពុកម្តាយនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជី វ័ន្ត