ខេត្តព្រះវិហារ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ និងគ្រួសារកងរាជអាវុធហត្ថពិការមានជំងឺ ពលីមរណៈ នារសៀល ថ្ងៃ សុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ បានផ្តាំផ្ញើដល់មន្ត្រីកងរាជអាវុធហត្ថ និងគ្រួសារកងរាជអាវុធហត្ថទាំងអស់ ដោយហាមពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ ទោះឈើមានច្បាប់ ឬល្មើសច្បាប់ក៏ដោយ និងត្រូវការពារជាតិ បម្រើប្រជាពលរដ្ឋ គោរពច្បាប់ និងបង្ក្រាបបទល្មើស ហើយបើសិនមានមន្រ្តីកងរាជអាវុធហត្ថណាដឹងថា មានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នឹងត្រូវចាត់ការតាមច្បាប់។
នាពេលនោះផងដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបន្តដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តព្រះវិហារ បន្ថែមទៀត ក្រោយបញ្ចប់កិច្ចប្រជុំនៅខេត្តស្ទឹងត្រែង។
កន្លងមកនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដដឹកនាំកិច្ចប្រជុំ បូកសរុបការត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តរតនគិរី ខណៈកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ បានដឹកនាំកិច្ចប្រជុំរួចរាល់ នៅខេត្តមណ្ឌលគិរី។
ដោយឡែកកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ រយៈពេលពេញមួយថ្ងៃ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកក្រុមការងារអន្តរក្រសួង និងស្ថាប័នចម្រុះ ដែលមានការពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវការបង្ក្រាបបទល្មើសព្រៃឈើ ដែលក្រុមការងារបានបង្ក្រាបជាបន្តបន្ទាប់ នាពេលកន្លងទៅ។ លោកក៏បានបញ្ជាឲ្យដុតកម្ទេចចោលរថយន្ដបាកុងដឹកឈើជាច្រើនគ្រឿង ដែលបង្ក្រាបបាននាពេលកន្លងទៅ ហើយក្នុងនោះខេត្តព្រះវិហារក៍មានអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើជាច្រើនដែរ ហើយមិនយូរមិនឆាប់ក៍ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដល់អ្នកពាក់ព័ន្ធនោះ ៕ ប្រាថ្នា