ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញា ចែកចាយគ្រឿងញៀនម្នាក់ នៅចំណុចក្បែស្ថានីយ៍ប្រេងតេលា (ជិតបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម។
មន្ដ្រីមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ហើយលោកឧត្តមសេនីយ៍ត្រី សារី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយផ្ទាល់កម្លាំងជំនាញ (ក១០) និងមានការចូលរួមដឹកនាំសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា មុខសញ្ញាចែកចាយគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននេះ ឈ្មោះ សាន ត្រែង អាយុ២៦ឆ្នាំ ក្នុងនោះវត្ថុតាងចាប់យក សារធាតុញៀនមេតំហ្វេតាមីន(ICE) ទម្ងន់ ៩៨៧.៥៥ក្រាម ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបន្ដចាត់ការតាមច្បាប់៕ សរស្មី