ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកកាំបិតកាប់សាច់ជ្រូក កាប់ទៅលើបុរសម្នាក់ទៀត បណ្ដាលឲ្យស្លាប់គួរឲ្យរន្ធត់ សង្ស័យមកពីគំនុំ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវបានបុរសជាជនដៃដល់ម្នាក់ទៀត យកកាំបិតប៉័ងតោកាប់សាច់ជ្រុក កាប់ចំដើមទ្រូង បណ្ដាលឲ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈដឹកទៅមន្ទីរពេទ្យ ដោយកាប់សម្លាប់នេះ សង្ស័យផ្ដើមចេញពីរឿងគំនុំ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំខាងជើង ស្ថិតក្នុងភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ពង ហ៊ង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្ដកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ងន សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

ប្រភពដដែលបន្ដថា រយៈពេលជាច្រើនខែមកហើយ ជនរងគ្រោះនិងជនសង្ស័យបានមានទំនាស់គ្នា ខណៈដែលជនសង្ស័យនិងជនរងគ្រោះបានធ្វើការនៅឯប្រទេសថៃ លុះមកដល់ប្រទេសកម្ពុជា ជនសង្ស័យនៅតែតាមរករឿងទៅលើជនរងគ្រោះទៀត ។ លុះមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧និង២០នាទី ជនរងគ្រោះយកលុយមួយចំនួនដោយប្រាប់គ្រួសារថា ទៅទិញអាគុយនៅឯផ្សារព្រែកថ្មី ស្រុកកៀនស្វាយ យកមកប្រើប្រាស់ ដោយជនសង្ស័យដឹងថា ជនរងគ្រោះទៅទិញឥវ៉ានតាមផ្លូវលំកន្លែងកើតហេតុ ក៏យកកាបិតប៉័ងតោកាប់សាច់ជ្រូក មកស្ទាក់ផ្លូវ ខណៈដែលជនរងគ្រោះទៅដល់ ក៏យកកាំបិតនោះកាប់ទៅលើជនរងគ្រោះចំកណ្ដាលដើមទ្រូង បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះបានព្យាយាមរត់គេចខ្លួន ចូលទៅក្នុងព្រៃក្បែផ្លូវលំ រួចទូរស័ព្ទប្រាប់ក្រុមគ្រួសារដើម្បីយកទៅសង្រ្គោះ ។ ខណៈក្រុមគ្រួសារមកដល់ ភ្លាមនោះក៏ហៅរថយន្ដសាមុយដឹកជនរងគ្រោះទៅព្យាបាលបន្ទាប់ តែដោយស្ថានភាពធ្ងន់ធ្ងរ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវ ។

ចំពោះជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវ ចាប់ខ្លួននៅក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖