ភ្នំពេញ៖ យោងតាមសម្តីប្រជាពលរដ្ឋជាម្ចាស់ដីស្របច្បាប់មួយរូប នៅក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលត្រូវឧកញ៉ាជា ប៊ុនឡេង ធ្វើរបងថ្មបិទ មុខក្បាលដីរបស់ខ្លួន ហើយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរសង្កាត់ អោយជួយដោះស្រាយរហូតមកដល់ពេលនេះអស់រយះពេល ជិត២ឆ្នាំមកហើយតែគ្មានដំណោះស្រាយអ្វីឡើយ ដែលករណីនេះ ត្រូវបានភាគីម្ចាស់ដីអះអាងថា ទំនងជាមានការឃិបឃិតគ្នារវាងភាគីឧកញ៉ា និងមន្ត្រីអាជ្ញាធរព្រោះតែចង់អោយគាត់លក់ដីនោះអោយក្នុងតំលៃទាប ។
តំណាងម្ចាស់ដី បានថ្លែងប្រាប់អង្គភាពព័ត៌មាន ថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ លោក ឧកញ៉ាជា ប៊ុនឡេងបាន បញ្ជាអោយកម្មករ ធ្វើរបងបិទមុខក្បាលដីរបស់លោក ហើយរូបលោកបានដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ចាក់អង្រែក្រោមអោយជួយដោះស្រាយតែ គិតរហូតមកដល់ពេលនេះ វាមាន រយៈពេលជិត២ឆ្នាំហើយ គ្មានដំណោះស្រាយអ្វីទាំងអស់ របងថ្មនៅតែបិទមុខក្បាលដីរបស់លោកដដែល ។ ផ្ទុយទៅវិញ
ចំណែកមន្ត្រីអាជ្ញាធរភូមិ សង្កាត់វិញ ពេលលោកទៅ សួរនាំ គេតែងតែណែនាំអោយទៅជួបដោះស្រាយជាមួយឧកញ៉ារហូត ខណះដែលឧកញ៉ារូបនេះមានបំណងចង់ទិញដីរបស់លោកដើម្បីពង្រីកធ្វើផ្ទះល្វែងបន្ថែម តែ អោយតម្លៃថោក លោកមិនព្រមលក់ ។ មិនតែប៉ុណ្ណោះ មន្ត្រីអាជ្ញាធរភូមិ សង្កាត់ ខណះលោកយកលិខិតទៅផ្ទេរកម្មសិទ្ធិដីអោយទៅអ្នកផ្សេងក៏មិនព្រមធ្វើអោយ ដោយពួកគេមានចេតនាចង់អោយលក់ដីទៅអោយឧកញ៉ា តែអោយតម្លៃថោកជាងទីផ្សារឆ្ងាយដែលលោកមិនអាចទទួលយកបាន ។
តំណាងលោកហួត ប៊ុនគង់ ដែលជាម្ចាស់ដីរងគ្រោះ បានអោយដឹងថា តាមពិតក្បាលដីរបស់ខ្លួនផ្នែកខាងជើងគឺទល់នឹងផ្លូវលំទំហ៊ំ៤ម៉ែត្រ មិនមែនទល់នឹងដី អ្នកផ្សេងដូចអ្វីដែលភាគីឧកញ៉ាអះអាងនោះឡើយ តែដោយសារគេមានចេតនាចង់ទិញដីលោកក្នុងតម្លៃថោក ទើបអះអាងថា ក្បាលដីរបស់លោកខាងជើងមិនជាប់ ផ្លូវ ហើយមានចេតនាធ្វើរបងបិទមុខក្បាលដីរបស់លោកបែបនេះ ។
តំណាងម្ចាស់ដីសូមអំពាវនាវដល់លោកអភិបាលខណ្ឌមានជ័យ ពេជ្រ កែវមុនី ជាពិសេសលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយផ្ដល់យុត្តិធម៌ អោយរូបលោកជាជនរងគ្រោះផង ព្រោះឧកញ៉ាធ្វើរបងបិទមុខក្បាលដីជិត២ឆ្នាំហើយ គ្មានដំណោះស្រាយអ្វីឡើយ ។
ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ នេះ អង្គភាពព័ត៌មាន នគរវត្តមិនអាច ទំនាក់ទំនងសុំការបំភ្លឺព័ត៌មាន ពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបាននោះទេខណះឧកញ៉ាជា ប៊ុនឡេង មិនមានលេខទូរស័ព្ឌសំរាប់ទំនាក់ទំនងនោះឡើយ ។
គេដាក់ការសង្ស័យថាអាជ្ញាធរមិនរវីរវល់ចំពោះករណីខាងលលហើយអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំបែបនេះប្រហែលទទួលបានលាភសក្ការៈខ្លះៗៗៗមើលទៅ៕ អរុណរះ