ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកំពង់ធំឃុំខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ រុករាន ឆ្ការ ដុត និងឈូសឆាយដីព្រៃសហគមន៍ជាំម្រេច

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពាក្យចាស់ពោលថា គ្មានពិធីណា ដែលហាមឃាត់មាន់ពងនឹងស្រូវ មិនឲ្យស៊ីស្រូវនោះទេ! កម្លាំងមន្រ្ដីឧទ្យានអនុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឃាត់ខ្លួនមន្រ្ដីគ្រាប់ល្ពៅ៣នាក់ តាមការបញ្ជារបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលបានសហការជាមួយមន្រ្ដីមន្ទីរបរិស្ថាន បន្ទាប់ពីបានស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំង៣នាក់ បានជាប់ពាក់ព័ន្ធ នឹងការ កាប់ គាស់ បំផ្លាញព្រៃ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃសហគមន៍ យកធ្វើជាកម្មសិទ្ធិ ដែលមានទីតាំងស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចនៃមន្រ្ដីបរិស្ថានបានឲ្យដឹងថា ការអនុវត្តន៍ដីកានេះតាមបណ្ដឹងរបស់ប្រជាពលរដ្ន១៨០នាក់ ដែលជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះសោម ច័ន្ទកុម្ភៈ ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច ដែលមានទីកន្លែងកំណើតភូមិ១០មករា ឃុំបុស្សខ្នុរ ស្រុកចំកាលើ ខេត្តកំពង់ចាម និងបច្ចុប្បន្នមករស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានឃាត់ខ្លួនថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ចោទពីបទ កាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅលើដីសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីកំឡុងឆ្នាំ២០១៦.២០១៧.២០១៩តាមមាត្រា២០៦ កថាខណ្ឌ១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨ ក្រមនីតិវិធីព្រហ្មទណ្ឌ ។ ទី២ ឈ្មោះ ហេង សារឿន ហៅ ម៉ៅ ភេទប្រុស អាយុ៦៧ឆ្នាំ មេភូមិតាឡែក ទីកន្លែងកំណើតនិងរស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ទី៣ ឈ្មោះ សិត ហាន ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្នរស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាជនខិលខូច បានឃុបឃឹតឲ្យពលរដ្នមួយចំនួនចូលទៅកាប់ឆ្ការព្រៃ រុករាន ឆ្កាដុត និងដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ជាំម្រេច នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកសាទបល្ល័ង្ក ខេត្តកំពង់ធំ លក់ទៅឲ្យឈ្មួញក្នុងខេត្ត និងក្រៅខេត្ត ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានលោក សេង ប៉ុណ្ណា អនុប្រធាន និងជាចៅក្រមស៊ីបសួរ នៃសាលាដំបូងខេត្តកំពង់ធំ ចេញដីកា បង្កាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំហើយ ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើ ពិតជាជាប់ពាក់ព័ន្ធនឹងការចោទពីបទ កាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅលើដីសហគមន៍ តំបន់ការពារធម្មជាតិជាំម្រេចមែន ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំពិតមែន ហើយកម្លាំងបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ក៏បានទៅឃាត់ខ្លួនបញ្ជូនមកតុលាការ និងត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំរួចហើយដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖