ខេត្តកំពង់ធំ៖ ជនសង្ស័យ ពុំទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទេ បន្ទាប់បង្ករបួសស្នាម ទៅលើអ្នកសារព័ត៌មាន ម្នាក់ឈ្មោះឈៀង វុទ្ធី ហៅលាស់ កាលម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក ឈៀង វុទ្ធី ហៅលាស់ ជាជនរងរបួស នៅក្នុងហេតុការណ៍នេះ រស់នៅភូមិ ជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បានប្រាប់ឲ្យដឹងថា នៅពេលគាត់ជិះម៉ូតូ ចូលទៅភូមិសំអោង កាត់មុខផ្ទះ ជនបង្ក នោះស្រាប់តែមានមនុស្ស២នាក់ស្ទាក់វាយប្រហារគាត់តែម្ដង បង្កឲ្យរងរបួសជើង និងកន្លែងផ្សេងទៀត កុំតែ គាត់ពាក់សុវត្ថិភាព កុំអីគ្រោះថ្នាក់ជាងនេះ ។
លោក ចាន់ មានជ័យ មេប៉ុស្តិ៍នគរបាលឃុំមានរិទ្ធ បានប្រាប់ថា នៅពេលគាត់ទៅដល់ ឃើញលោក ឈៀង វុទ្ធី ឈរ នៅជាប់របងផ្ទះ ខាងក្រៅ ជាមួយមេភូមិសំអោង ឈ្មោះមិន ហៀង តែម៉ូតូគាត់នៅខាងក្នុង របង ឃើញដូច្នេះ គាត់យកលោកឈៀង វុទ្ធីមកប៉ុស្តិ៍ មុនដំបូងគាត់មិនដឹងថា លោក ឈៀង វុទ្ធី របួសជើង នោះទេ នៅពេល មកដល់ប៉ុស្តិ៍ ទើបឃើញ ហើយគាត់ក៏រកពេទ្យមករុំរបួស និងបញ្ជូនសំណុំរឿងនេះ ទៅផ្នែកព្រហ្មទណ្ឌស្រុកសណ្ដាន់ ។
លោកមេប៉ុស្តិ៍បញ្ចាក់ថា នៅពេលគាត់សួរព័ត៌មានបឋម នៅកន្លែងកើតហេតុគឺមុនដំបូងប្រជាជននៅម្ដុំនោះមិនស្គាល់ថា ឈៀង វុទ្ធី ហៅលាស់នោះទេ ឃើញជិះម៉ូតូចូលពីក្រោយមកវិញមកឈប់ក្នុងបរិវេណផ្ទះ ឈ្មោះ ជិន យុតធា ហៅពេទ្យធា និងប្រពន្ធ ឈ្មោះ អាង សំណាង ដោយពាក់មួកសុវត្ថិភាព និងក្រោយពីឈប់ម៉ូតូ មនុស្សនេះ បានកាន់ទូរស័ព្ទ១គ្រឿងទៀតផង ហើយក៏មានសម្រែកឆោឡោ ព្រមទាំងផ្ទុះអំពើ ហិង្សាកើតឡើង ជាមួយម្ចាស់ផ្ទះនោះតែម្ដង ប៉ុន្តែនណាជាជន បង្ករបួសស្នាម ទៅលើលោកឈៀង វុទ្ធី នៅមិនទាន់ដឹងច្បាស់នៅឡើយទេ រង់ចាំចំណាត់ការពីស្រុក ។
ចំណែកប្រជាជន ដែលឃើញហេតុការណ៍ និងមានលំនៅដ្ឋាន នៅទីនោះ បាននិយាយឲ្យដឹងថា នៅខណៈ ដែលមនុស្សជិះម៉ូតូនេះ មកឈប់ នៅក្នុងបរិវេណដីផ្ទះ ខាងលើ ក៏មានសម្រែក ស្រែកឡើងថា ចោរៗ បង្កឲ្យ ការភ្ញាក់ផ្អើលឡើង និងមានការប្រវាយប្រតប់គ្នា រវាងស្ត្រីជាម្ចាស់ផ្ទះ និងមនុស្សជិះ ម៉ូតូនោះ ក្នុងនោះ ក៏មានប្អូនស្រី ម្ចាស់ផ្ទះនោះ ម្នាក់ទៀតផងដែរ ។ ភ្លាមៗនោះ ទើបគេស្គាល់ថា មនុស្សនេះ ឈ្មោះឈៀង វុទ្ធី ហៅលាស់ ហើយមិនដឹងថា ឈ្មោះនេះ រងរបួស នោះទេ នៅពេលនោះ ឈ្មោះឈៀង វុទ្ធី បានព្យាយាមរត់គេច ចេញពីកន្លែងកើតហេតុ និងចេញទៅខាងក្រៅរបងផ្ទះ តែភាគីស្ត្រីម្ចាស់ផ្ទះ បានឃាត់ រង់ចាំមេភូមិមកដល់សិន ។
មេភូមិសំអោងលោក មិន ហៀង បានប្រាប់ឲ្យដឹងថា បន្ទាប់ប្រជាជន ទូរស័ព្ទទៅប្ដឹង នៅពេលគាត់ទៅដល់ឃើញឈ្មោះឈៀង វុទ្ធី នៅខាងក្រៅរបងទៅហើយ ហើយប្រជាជននៅម្ដុំកន្លែងកើតហេតុ បាននិយាយរអូមរអាមថា ឈ្មោះនេះ ដើរអុកឡុក ធ្វើបាបប្រជាជនខ្លាំងណាស់ទាក់ទិន និងមុខរបរឈើ ធ្យូង កំប៉េកកំប៉ុកនោះ ។
នៅព្រឹកថ្ងៃទី១១នេះ លោកមេប៉ុស្តិ៍ ឃុំមានរិទ្ធ ដោយការមានចូលរួមទៅយកព័ត៌មាន ពីអ្នកសារព័ត៌មានផងនោះ គឺជួបតែម្ចាស់ផ្ទះប្រុសឈ្មោះ ជិន យុតធា ហៅពេទ្យធា ដោយគាត់ក៏ដូចអ្នកជិតអះអាងថា ពេលកើត ហេតុគឺគាត់មិននៅផ្ទះនោះទេ ចំណែកប្រពន្ធគាត់ ឥឡូវនាំកូនទៅមន្ទីរពេទ្យ គន្ធរបុប្ផាខេត្តសៀមរាបហើយ ដោយកូនគាត់មានជំងឺគ្រុនឈាម ។ ឯស្នាកស្នាម កន្លែងប្រវាយប្រតប់គ្នា បណ្ដាលឲ្យលោកឈៀង វុទ្ធី រងរបួសយ៉ាងដំណំនោះ គឺនៅកណ្ដាលបរិវេណដីផ្ទះ របស់ជិន យុតធា និងប្រពន្ធឈ្មោះ អាង សំណាង ។ ទាក់ទិននៅក្នុងរឿងនេះ មានមតិខ្លះ របស់សមត្ថកិច្ច រដ្ឋបាលដែនដី ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានលើកឡើងថា ហេតុអី បានជាអ្នកកាសែតរូបនោះ ចូលផ្ទះគេ គ្មានការឧទ្ទេសនាម គ្មានការអនុញ្ញាត សូម្បីសមត្ថកិច្ចនគរបាលយុត្តិធម៌ ក៏គ្មានសិទ្ធដែរ បើគ្មានដីកាតុលាការ ឬបញ្ជាពីលោកព្រះរាជអាជ្ញា លើកលែងតែបទល្មើសជាក់ស្ដែង ដេញប្រផាប់ ចាប់ប្រភីង ឬមានសម្រែក ហៅជួយ ក្នុងករណីបទមជ្ឈឹម ឬឧក្រិដ្ឋ នោះទេ ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ការប្រើអំពើហិង្សាបង្ករបួសស្នាម មកលើលោកឈៀង វុទ្ធី ជាបទល្មើសព្រហ្មទណ្ឌ មួយផ្សេង និងបានគំរាមកំហែង ទៅលើសិទ្ធ សេរីភាព របស់អ្នកសារព័ត៌មាន ដោយយកលេសផ្សេងៗ ជាអាទិ៍ ដូចខាងលើ ដែលទង្វើនេះ គួរតែសមត្ថកិច្ច រកឃើញ ជនដៃដល់ យកមកដោះស្រាយតាមច្បាប់ កុំគ្រាន់តែឃើញ គេចូលដីខ្លួន ហើយស្រែកចោទប្រកាន់ថា ជាចោរ បង្ភភាពញុះញុង បង្កើតអំពើហិង្សានោះ ៕ ប៊ុនរិទ្ធី