ភ្នំពេញ៖ តារាសម្តែង ដួង ម៉ានិច ធ្លាប់បានធ្វើឲ្យចាប់អារម្មណ៍ខ្លាំងរួចមកហើយក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពីនាងបានគ្រងឈុតសម្លៀកបំពាក់ទេវតាឆ្នាំថ្មី ។ ថ្មីៗនេះនាងកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់អំពីឈុតសម្លៀកបំពាក់បុរាណខ្មែរមានឈ្មោះថា អប្សារាសក់ក្រង ដែលអមលម្អដោយគ្រឿងអលង្ការ ដែលច្នៃប្រណីតផ្ទាល់ដៃពីកូនខ្មែរ ។
មានអ្នកជំនាញជាកូនខ្មែរច្រើននាក់បានរួមគ្នាបង្កើតឈុតប្រណីតដ៏គួរឲ្យទាក់ទាញនេះ ។ តារាស្រីរូបនេះបានបញ្ជាក់ថាមានអ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់ គ្រឿងអលង្ការ និងតុបតែងមុខ និងជាងថតរូបជាច្រើនរូបបានសហការគ្នាបង្កើតឈុត ដែលនាងចាត់ទុកថាអស្ចារ្យនេះឡើង ។ នាងថាក្រោមការច្នៃបង្កើតរបស់ក្រុមការងារពៅVមង្គលសម្អាងការ នាខេត្តបាត់ដំបងធ្វើឲ្យរូបភាពដ៏គួរឲ្យស្រលាញ់ពេញបេះដូងនេះលេចរូបរាងឡើង ។ នាងថា ពិតជាពេញចិត្តនឹងការរចនាឈុតប្រណីតនេះ និងផ្តល់កិត្តិយសជ្រើសរើសរូបនាងសម្រាប់ការបង្ហាញឈុតដ៏អស្ចារ្យនេះឡើយ ហើយនាងពិតជាមានមោទនភាពក្នុងការចូលរួមចែករំលែកផ្សព្វផ្សាយនូវអ្វីដែលជាសម្បត្តិមរតកវប្បធម៌ និងជាអត្តសញ្ញាណជាតិមិនអាចកាត់ថ្លៃបាននេះ ។ តារាស្រីល្បីឈ្មោះរូបនេះ លើកឡើងដែរថា នាងហាក់ស្លុងអារម្មណ៍ចូលទៅកាន់ពិភពមួយថ្មីក្រោយពីគ្រងសម្លៀកបំពាក់មួយនេះ បើទោះបីជាការថតស្ថិតនៅក្នុងស្ទីតយោក្តី ហើយសូម្បីតែឈុតមួយនេះនាងអាចសម្រក់ទឹកភ្នែកដោយឯកឯងបានតាមរយៈការស្លុងអារម្មណ៍តែមួយភ្លែត ។
នាងថា បើទោះបីជាពេលខ្លះត្រូវចំណាយកម្លាំងកាយ និងពេលវេលាច្រើនប៉ុន្តែនាងពិតជាពេញចិត្តនឹងការលះបង់ដើម្បីកិច្ចការងារសិល្បៈបែបនេះ ហើយក៏សង្ឃឹមដែរថា ឈុតប្រណីតៗក្នុងរចនាបទខ្មែរជាច្រើនទៀតដែលកប់បាត់មិនទាន់បានច្នៃចេញជារូបរាងនឹងត្រូវបានកូនខ្មែរជាច្រើនទៀតដែលមានសមត្ថភាពទេពកោសល្យរកឃើញ និងបង្កើតជារូបរាងឡើង និងជាផ្នែកមួយសម្រាប់បង្ហាញដល់ប្រជាជនខ្មែរឲ្យបានស្គាល់ពីភាពសម្បូរបែបរបស់សិល្បៈវប្បធម៌ខ្មែរ និងចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាល់បានដឹង និងចង់មកទស្សនាស្វែងយល់ដោយផ្ទាល់នូវវប្បធម៌ប្រពៃណីដ៏ចំណាស់របស់ខ្មែរ៕ វឌ្ឍនា